មន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង៖
វគ្គបណ្តុះបណ្តាលស្តីពីការអប់រំសុខុមាលភាពសង្គមប្រកបដោយសមធម៌យេនឌ័រជូន ដល់មន្រ្តីពាក់ព័ន្ធនៅឃុំ សង្កាត់ និងក្រុង ស្រុក នៅសាលប្រជុំសាលាក្រុង និងស្រុកទាំង៦ ក្នុងខេត្តស្ទឹងត្រែង។ វគ្គបណ្តុះបណ្តាលរៀបចំឡើងក្នុងគោលបំណង ជួយស្ត្រី និងក្មេងស្រី ឱ្យយល់ដឹងពីសិទ្ធិ ការទទួលបានការគ្រប់គ្រង លើអចលនទ្រព្យ ការចុះបញ្ជីអត្រានុកូលដ្ឋាន និងសិល្បៈក្នុងការរស់នៅប្រកបដោយសមធម៌។
នេះជាឱកាសដល់សិក្ខាកាមយល់ដឹងបន្ថែម និងមានយោបល់ផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ ពីការអនុវត្តសកម្មភាពដែលទាក់ទងទៅនឹងប្រធានបទខាងលើ។ ចំណេះដឹងទាំងនេះមានសារៈប្រយោជន៍ដល់ពួកគាត់សម្រាប់អនុវត្តក្នុងតួនាទីការងារ និងក្នុងគ្រួសារ ព្រមទាំងផ្សព្វផ្សាយដល់គ្រួសារនៅតាមសហគមន៍ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។
សមាសភាពចូលរួមក្នុងវគ្គបណ្តុះបណ្តាលរួមមានលោក លោកស្រីសមាជិកក្រុមប្រឹក្សាក្រុង ស្រុក គណៈអភិបាលរងក្រុង ស្រុក ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម ប្រធាន និងសមាជិកគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់សរុបចំនួន២៣២ រូប(ស្រី្ត១០១រូប)។
វគ្គបណ្តុះបណ្តាលនេះជាកិច្ចសហការរវាងរដ្ឋបាលក្រុង ស្រុក ជាមួយនឹងមន្ទីរកិច្ចការនារីខេត្ត កាលពីថ្ងៃទី១៧ ដល់ថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ២០២០ និងទទួលបានការឧបត្ថម្ភ និងគាំទ្រថវិការរបស់រាជរដ្ឋាភិបាលកម្ពុជា។