ពិធីអបអរសាទរខួបទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ របស់ក្រសួងការពារជាតិ

នាព្រឹកថ្ងៃសុក្រ ៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអញ្ជើញចូលរួមជាគណ:អធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង លោកជំទាវ ទាង អេង ទៀសីហា នៅទីស្ដីការក្រសួងការពារជាតិ។

ថ្លែងនាឱកាសដ៏ប្រសើរថ្លៃថ្លានេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងសមត្ថភាពរបស់យោធិននារី ក្នុងកងយោធពលខេមរភូមិន្ទ ដែលបានចូលរួមយ៉ាងសំខាន់ក្នុងការបំពេញភារកិច្ចបម្រើជាតិ មាតុភូមិ និងកសាងសមិទ្ធផលនានា ដោយមានស្មារតីទទួលខុសត្រូវខ្ពស់។

ជាមួយគ្នានេះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីសារ:សំខាន់នៃតួនាទីស្ត្រី ដែលត្រូវបានផ្លាស់ប្តូរ ស្របតាមបរិបទនៃសង្គម។ បច្ចុប្បន្ន ស្រ្តី មិនត្រឹមតែបំពេញតួនាទីនៅជួរមុខក្នុងនាមជាកងទ័ព នគរបាល និងកងរាជអាវុធហត្ថប៉ុណ្ណោះទេ ប៉ុន្តែក៏បានចូលរួមយ៉ាងសកម្មនៅជួរក្រោយ ទៅតាមសមត្ថភាព ជំនាញវិជ្ជាជីវៈ និងលទ្ធភាពរបស់ខ្លួន តួយ៉ាង ស្ត្រីបានដើរតួនាទីជាអ្នកការទូត ជាអ្នកនាំពាក្យ ជាអ្នកសារព័ត៌មាន ជាគ្រូបង្រៀន ជាមន្ត្រីសុខាភិបាល ដែលជាកងកម្លាំងអាវស ជាអ្នកវិនិយោគ និងអាជីវករ ដែលបានឈរជើងយ៉ាងរឹងមាំ ជួយគាំទ្រ និងឧបត្ថម្ភ ផ្នែកសេវាសុខាភិបាល អប់រំ និងភស្តុភា ដើម្បីជួយដល់កងទ័ពជួរមុខនិងក្រុមគ្រួសារភៀសសឹក ដែលទាំងនេះបង្ហាញយ៉ាងច្បាស់ថា «ស្ត្រីមានភាពទន់ភ្លន់ ប៉ុន្តែមិនទន់ជ្រាយ ហើយស្ត្រីគឺមានសមត្ថភាពខ្ពស់ក្នុងការបំពេញការងារលើគ្រប់វិស័យ» ។