ពិធីអបអរសាទរខួបទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ របស់ក្រសួងពាណិជ្ជកម្ម

នារសៀលថ្ងៃសុក្រ ៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្ម បានរៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ក្រោមអធិបតីភាពលោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។

នៅក្នុងពិធីនេះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានរំលេចពីភាពចាំបាច់នៃការចូលរួមរបស់ស្រ្តី ក្នុងការពន្លឿនកិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ដោយពួកគេជាកម្លាំងចលករដែលមិនអាចខ្វះបាន។ លោកជំទាវ បានបន្តលើកឡើងថា ការពង្រឹងសមភាពយេនឌ័រនៅតែបន្តជាកិច្ចការអាទិភាព និងចាំបាច់ ដើម្បីឱ្យស្រ្តី និងក្មេងស្រីគ្រប់រូប កាន់តែទទួលបាននូវកាលានុវត្តភាពពេញលេញ អាចប្រើប្រាស់សក្ដានុពលរបស់ខ្លួន ក្នុងគ្រប់ទិដ្ឋភាពទាំងក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច។

ជាមួយគ្នានេះផងដែរ លោកជំទាវរដ្ឋមន្រ្តីនៃស្ថាប័នទាំងពីរ បានផ្តល់ការឯកភាពក្នុងការអនុវត្តរួមគ្នានូវគម្រោង យុទ្ធនាការផលិតផលស្ត្រី ដែលក្រុមការងារបច្ចេកទេសនៃស្ថាប័នទាំងពីរ បានសហការរៀបចំ និងគ្រោងដាក់ដំណើរការនាពេលឆាប់ៗនេះ។