ពិធីអបអរសាទរខួបទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ របស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា

រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងឯកឧត្តម Derek Yip ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៥ ក្រោមប្រធានបទ «ស្រ្តីដឹកនាំការផ្លាស់ប្តូរមូលធនមនុស្ស»។

លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា មនុស្សគឺជាអ្នកដឹកនាំបរិវត្តកម្មនៅក្នុងប្រទេស ដែលក្នុងនោះស្ត្រីមិនត្រឹមតែជាអ្នកចូលរួមជំរុញយ៉ាងសកម្មប៉ុណ្ណោះទេ ប៉ុន្តែស្ត្រីក៏ជាអ្នកចូលរួមដឹកនាំក្នុងកិច្ចដំណើរការបរិវត្តកម្មផងដែរ។ បរិវត្តកម្មមូលធនមនុស្សពិតជាមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ក៏ប៉ុន្តែសន្តិសុខ និងសន្តិភាពគឺជាបុរេលក្ខខណ្ឌមិនអាចខ្វះបាន ដើម្បីឱ្យបរិវត្តកម្មអាចបន្តរីកចម្រើនទៅមុខ ដែលនេះគឺជាចំណុចផ្សាភ្ជាប់គ្នារវាងប្រធានបទរបស់កម្ពុជា និងស្ថានទូតអូស្ត្រាលី ក្នុងការប្រារព្ធទិវាអន្តរជាតិនារី ៨មីនា។

ឯកឧត្តមឯកអគ្គរាជទូត បានរំលេចថា ការវិនិយោគលើស្ត្រី និងក្មេងស្រី នឹងក្លាយជាចលករដ៏សំខាន់ក្នុងការជំរុញកិច្ចអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការកាត់បន្ថយជម្លោះ ការពង្រឹងលក្ខខណ្ឌសង្គម ការបង្កើនផលិតភាពសេដ្ឋកិច្ច និងការពង្រីកលទ្ធភាពនៃការចូលរួម។