ពិធីអបអរសាទរខួបទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ប្រធានកិត្តិយសក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ ព្រមទាំងមានវត្តមានរបស់លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន នៅទីស្ដីការក្រសួងមហាផ្ទៃ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់យកប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ» ក្រោមការសម្របសម្រួលរបស់ក្រសួងកិច្ចការនារី។ ឯកឧត្តមអភិសន្តិបណ្ឌិត បានបន្តថាប្រធានបទនេះមានភាពប្រទាក់ក្រឡាគ្នាជាមួយប្រធានបទសកល ក៏ដូចជាបរិបទរបស់ប្រទេសកម្ពុជាផងដែរ។ ឯកឧត្តមអភិសន្ដិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា ក្រសួងមហាផ្ទៃបាន និងកំពុងបំពេញបេសកកម្មយ៉ាងសំខាន់ក្នុងការធានាថា ស្ត្រី និងគ្រួសារ អាចរស់នៅក្នុងបរិយាកាសអំណោយផល ប្រកបដោយសុវត្ថិភាព សុខុមាលភាព គ្មានអំពើហិង្សា និងគ្មានភាពភ័យខ្លាច។
លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សន្តិភាព និងសន្តិសុខ មិនអាចកាត់ផ្ដាច់ពីសុខុមាលភាពស្ត្រី និងគ្រួសារបាននោះទេ។ ការចូលរួមរបស់ស្ត្រីឱ្យអស់ពីសក្ដានុពល នឹងជំរុញដល់ការកសាង និងការរក្សាសន្តិភាព សន្តិសុខ ក៏ដូចជាកិច្ចអភិវឌ្ឍប្រទេសជាតិទាំងមូល។

















