ពិធីអបអរសាទរខួបទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ របស់ក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២៦ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ជាសុមេធី បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
ការជ្រើសរើសប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ដើម្បីប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ឆ្នាំនេះ មានគោលបំណងគូសបញ្ជាក់ពីតម្លៃដែលមិនអាចកាត់ថ្លៃបាននៃសន្តិភាព និងសន្តិសុខដែលជាមូលដ្ឋានគ្រឹះ និងជាបុរេលក្ខខណ្ឌដ៏ចាំបាច់មិនអាចខ្វះបាននៃការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព វិបុលភាពសង្គម និងការគោរពសិទ្ធិមនុស្ស ក៏ដូចរំលេចពីការចូលរួមចំណែកយ៉ាងសកម្មរបស់ស្ត្រី ក្នុងកិច្ចខិតខំប្រឹងប្រែងកសាង និងថែរក្សាសន្តិភាពយូរអង្វែង។
ថ្លែងក្នុងកម្មវិធីនេះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រីបានរំលេចថា ចំពោះស្ត្រី និងក្មេងស្រី សន្តិភាពមានអត្ថន័យលើសពីអវត្តមាននៃជម្លោះ ពោលគឺការធានាបាននូវសុវត្ថិភាព ការពារសិទ្ធិ ការលើកកម្ពស់តម្លៃ និងសេចក្ដីថ្លៃថ្នូរ ការផ្ដល់នូវកាលានុវត្តភាពពេញលេញសម្រាប់ស្ត្រី និងក្មេងស្រី ក្នុងការរួមចំណែក ក៏ដូចជាទទួលភាគផលដោយស្មើភាពពីកិច្ចអភិវឌ្ឍន៍។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កម្លាំងទន់ភ្លន់របស់ស្ត្រី អាចប្រែជាកម្លាំងដែកថែបដ៏រឹងមាំក្នុងការការពារជាតិ ដោយចូលរួមរបស់ស្ត្រីយ៉ាងសកម្មទាំងជាកម្លាំងជួរមុខ និងកម្លាំងជួរក្រោយ ខិតខំផ្គត់ផ្គង់គ្រប់បែបយ៉ាងមិនរួញរា។












