សិក្ខាសាលាស្តីពី «វឌ្ឍនភាព និងទិសដៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តី»

17

ខេត្តព្រះវិហារ៖ នាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច បានជួបពិភាក្សាជាមួយថ្នាក់ក្រោមជាតិ ដើម្បីស្វែងរកកាលានុវត្តភាព និងសក្តានុពលសម្រាប់ការធ្វើពិពិធកម្មមុខងារនិងសេវាកម្មរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តី និងមន្ទីរកិច្ចការនារីរាជធានី ខេត្ត ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ស្រ្តី ក្នុងបរិបទបច្ចុប្បន្ន និងខាងមុខ។

ថ្ងៃចន្ទ ៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ នាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច នៃក្រសួងកិច្ចការនារី បានរៀបចំសិក្ខាសាលារយៈពេល ៣ថ្ងៃ ស្តីពី «វឌ្ឍនភាព និងទិសដៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តី» ដែលប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោកជំទាវ ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការ នៃក្រសួងកិច្ចការនារី និងមានការអញ្ជើញចូលរួមពី លោកជំទាវអភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ លោកជំទាវ ឯកឧត្តមថ្នាក់ដឹកនាំក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារី និងមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តី ទាំង២៥រាជធានី/ខេត្ត សរុបចំនួន ៥៨នាក់ (ស្រ្តី ៥០នាក់) នៅសណ្ឋាគារ លី ហួត ខេត្តព្រះវិហារ។ សិក្ខាសាលានេះប្រព្រឹត្តឡើងក្នុងគោលបំណង ស្វែងរកកាលានុវត្តភាព និងសក្តានុពលសម្រាប់ការធ្វើពិពិធកម្មមុខងារ និងសេវាកម្មរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តី និងមន្ទីរកិច្ចការនារី លើការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចក្នុងបរិបទបច្ចុប្បន្ន និងខាងមុខ ជាពិសេសក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ និងស្របតាមការ ឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្ម ទី៤។