ខេត្ត រតនគិរី៖ នៅថ្ងៃទី០៨-១០ ខែកញ្ញា ឆ្នាំ២០២០ លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី (កជកស) បានដឹកនាំគណៈប្រតិភូ មកពីអន្តរក្រសួង និងមន្ត្រីអគ្គលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃកជកស ចុះតាមដានវាយតម្លៃ ការអនុវត្តអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ អនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងច្បាប់ជាតិពាក់ព័ន្ធដែលទាក់ទងនឹងការលើកកម្ពស់ស្ថានភាព ជីវភាព ឋានៈ តួនាទី និងសុខុមាលភាពស្ត្រី ក្នុងគោលបំណង៖
១. បង្ហាញពីយន្តការជាតិ រចនាសម្ព័ន្ធ សមាសភាព និងតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី
២. ដើម្បីប្រមូលព័ត៌មាន និងធាតុចូលសំខាន់ៗស្តីពីការអនុវត្តអនុសញ្ញាស្តីពីការលប់បំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ ច្បាប់ជាតិពាក់ព័ន្ធ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីរៀបចំចងក្រងរបាយការណ៍ប្រចាំឆ្នាំ និងរបាយការណ៍ជាតិតាមកាលកំណត់នៃអង្គការសហប្រជាជាតិ
៣. ស្វែងយល់ពីបញ្ហាប្រឈម និងវិធានការទាំងឡាយក្នុងការលើកកម្ពស់ស្ថានភាព ជីវភាព ឋានៈតួនាទី និងសុខុមាលភាពស្ត្រី។
ដំណើរការនៃការចុះតាមដាន គណៈប្រតិភូបានចូលជួប មន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្តដើម្បីស្វែងយល់ពីស្ត្រីដែលស្ថិតក្នុងមុខងារសាធារណៈ។ បន្ទាប់មកគណៈប្រតិភូបានសិក្សាស្វែងយល់ពីសេដ្ឋកិច្ចរបស់ស្រ្តី និងបញ្ហាប្រឈម ដំណោះស្រាយសម្រាប់ ជនរងគ្រោះដោយអំពើហឹង្សាក្នុងគ្រួសារ និងការរំលោភសេពសន្ថវៈ ដោយជួបផ្ទាល់ជាមួយស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថ ចៅក្រមព្រះរាជអាជ្ញា ក្រឡាបញ្ជី ។
ក្រោយជំនួបជាមួយអ្នកអនុវត្តច្បាប់ និងអ្នកផ្តល់សេវា គណៈប្រតិភូបានទទួលលទ្ធផល និងបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយបន្តជាមួយអភិបាលនៃគណៈអភិបាលខេត្ត។ ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ទទួលយក និងឆ្លើយតបក្នុងការដោះស្រាយដោយរីករាយ ឯកឧត្តម មានឆន្ទៈក្នុងការអនុវត្តគោលនយោបាយរាជរដ្ឋាភិបាលដើម្បីបម្រើផលប្រយោជន៍របស់ស្ត្រី ប៉ុន្តែស្ត្រីត្រូវចេះទាញយកឱកាសនេះ ជាពិសេសស្ត្រីទាំងនេះត្រូវតែរួមចំណែកការពារផលប្រយោជន៍របស់ស្ត្រីខ្លួនឯងផង។