លោកជំទាវវេជ្ជបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រី ក្រសួងកិច្ចការនារី បានអនុញ្ញាតឱ្យលោកស្រី សារ៉ា នីប អតីតតំណាងស្តីទីប្រចាំប្រទេស នៃUN Women

6

កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ លោកជំទាវវេជ្ជបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រី ក្រសួងកិច្ចការនារី បានអនុញ្ញាតឱ្យលោកស្រី សារ៉ា នីប អតីតតំណាងស្តីទីប្រចាំប្រទេស នៃUN Women (អង្គការសហប្រជាជាតិ សម្រាប់ការលើកកម្ពស់សមភាពយេនឌ័រ និងភាពអង់អាចដល់ស្រ្តី) បានជួបសម្តែងការគួរសម និងជម្រាបលា ក្រោយពីបញ្ចប់ភារកិច្ចនៅកម្ពុជា និងដើម្បីទៅបំពេញភារកិច្ចថ្មី នៅការិយាល័យប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ជាទីប្រឹក្សាជាន់ខ្ពស់ និងអនុប្រធានស្តីទីប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ។

នៅក្នុងឱកាសសំណេះសំណាលនោះ លោកជំទាវរដ្ឋមន្រ្តី បានកោតសរសើរចំពោះស្នាដៃ និងលទ្ធផលការងារកន្លងមក ដែលបានកើតឡើង ក្រោមកិច្ចសហការរវាងក្រសួងកិច្ចការនារី ក៏ដូចជាលទ្ធផលដែលកើតចេញពីការចូលរួមរបស់លោកស្រី សារ៉ា សម្រាប់កម្ពុជា ក្នុងការលើកកម្ពស់សិទ្ធិស្រ្តី និងសមភាពយេនឌ័រកន្លងមក។ ក្នុងរយៈពេល ជាង៦ឆ្នាំនេះ ក្នុងការងារលោកស្រី អង្គការ UN Women បានចូលរួមគាំទ្រក្រសួងក្នុងការពង្រឹងយន្តការការគាំទ្របច្ចេកទេសលើការបញ្ជ្រាបយេនឌ័រតាមវិស័យ ការតាមដានវាយតម្លៃ ការធ្វើរបាយការណ៍ឆ្លើយតបនឹងអនុសញ្ញា ស្តីពីការទប់ស្កាត់រាល់ទម្រង់នៃការរើសអើងលើស្រ្តី (CEDAW) រួមទាំងការងារសម្របសម្រួលក្នុងការងារទប់ស្កាត់អំពើហិង្សាលើស្រ្តីជាដើម។

ក្នុងឱកាសនោះ លោកស្រី ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅលោកជំទាវរដ្ឋមន្រ្តី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងកិច្ចការនារី និងអគ្គលេខាធិការដ្ឋានអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ដែលបានសហការ និងគាំទ្រដល់ការបំពេញបេសកកម្មរបស់អង្គការ UN Women និងលោកស្រីកន្លងមក ជាពិសេសចំពោះការប្តេជ្ញាចិត្តខ្ពស់ និងកិច្ចខំប្រឹងប្រែង ក្នុងការអនុវត្តភារកិច្ច ការងារ ដើម្បីលើកកម្ពស់ស្ថានភាពស្រ្តី និងសមភាពយេនឌ័រនៅកម្ពុជា។

លោកជំទាវរដ្ឋមន្ត្រី ក៏បានជូនពរដល់លោកស្រី សារ៉ា នីប ឱ្យទទួលបានជោគជ័យ ក្នុងការងារមុខតំណែងថ្មី ហើយក្រសួងនៅបន្តចាត់ទុកអង្គការ UN Women ជាដៃគូស្នូល ក្នុងការងារបច្ចុប្បន្ន និងទៅមុខបន្តទៀត ជាពិសេសលើការបញ្ជ្រាបយេនឌ័រ តាមវិស័យ និងនៅក្នុងចំណោមដៃគូពាក់ព័ន្ធ ទាំងជាតិ និងអន្តរជាតិ នៅគ្រប់កម្រិត ។