ក្រសួងកិច្ចការនារីសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំវេទិកាពិភាក្សាកម្រិតខ្ពស់ស្តីពី «ភាពជាអ្នកដឹកនាំរបស់ស្ត្រី នៅក្នុងបច្ចេកវិទ្យាឈានមុខ និងបញ្ញាសិប្បនិម្មិត» ក្រោមមូលបទ «ការធានាបាននូវបរិវត្តកម្មឌីជីថលប្រកបដោយបរិយាបន្នសម្រាប់ទាំងអស់គ្នា»

រាជធានីភ្នំពេញ, ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រសួងកិច្ចការនារីសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំវេទិកាពិភាក្សាកម្រិតខ្ពស់ស្តីពី «ភាពជាអ្នកដឹកនាំរបស់ស្ត្រី នៅក្នុងបច្ចេកវិទ្យាឈានមុខ និងបញ្ញាសិប្បនិម្មិត» ក្រោមមូលបទ «ការធានាបាននូវបរិវត្តកម្មឌីជីថលប្រកបដោយបរិយាបន្នសម្រាប់ទាំងអស់គ្នា» ដែលបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ (អគារ A-F)។

វេទិកានេះបានទទួលការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ និងថ្លែងសុន្ទរកថាគន្លឹះដោយ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី។ នៅក្នុងឱកាសនោះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់មិនអាចខ្វះបាននៃតួនាទីរបស់ស្ត្រីក្នុងការដឹកនាំ និងការចូលរួមក្នុងវិស័យបច្ចេកវិទ្យាឈានមុខ និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីធានាថាការផ្លាស់ប្តូរឌីជីថលនៅក្នុងសង្គមប្រកបដោយសមធម៌ និងបរិយាបន្ន។

កម្មវិធីនេះក៏មានការចូលរួមក្នុងកិច្ចពិភាក្សាពីសំណាក់វាគ្មិនកិត្តិយស និងអ្នកសម្របសម្រួលដែលជាថ្នាក់ដឹកនាំក្នុងវិស័យអប់រំ បណ្តុះបណ្តាល និងវិស័យធុរកិច្ច ដែលអញ្ជើញមកពីប្រទេសសមាជិកហ្វ្រង់កូហ្វូនី ព្រមទាំងមានការជជែកដេញដោល ផ្លាស់ប្តូរមតិយោបល់ និងការផ្តល់អនុសាសន៍ល្អៗពីអ្នកចូលរួមយ៉ាងច្រើនកុះករ។ លទ្ធផលនៃវេទិកានេះ គឺជាជំហានគន្លឹះមួយក្នុងការជំរុញ និងលើកកម្ពស់សមត្ថភាពស្ត្រី និងក្មេងស្រីកម្ពុជាឱ្យកាន់តែដើរតួនាទីសំខាន់ក្នុងយុគសម័យឌីជីថល។