សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» ជាផ្លូវការ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» ជាផ្លូវការ នៅទីតាំងសួនច្បារមុខវត្តបទុមវតី ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ Louise Mushikiwabo អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ព្រមទាំងថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។

នៅក្នុងពិធីបើកដ៏មហោឡារិកនេះ គណៈអធិបតីបានអញ្ជើញកាត់ខ្សែបូបើកព្រឹត្តិការណ៍ជាផ្លូវការ និងអញ្ជើញទស្សនាពន្លាជាតិនៃបណ្តាប្រទេស ព្រមទាំងតំបន់ស្តង់ពិព័រណ៍នានា។ ក្នុងឱកាសនោះ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានអនុគណៈកម្មការទី៥ ព្រឹត្តិការណ៍អម ក៏បានអញ្ជើញថ្លែងរបាយការណ៍សង្ខេបស្តីពីការរៀបចំ «ភូមិហ្វ្រង់កូហ្វូនី» មុននឹងលោកជំទាវអគ្គលេខាធិការអង្គការ OIF និងសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី អញ្ជើញថ្លែងសុន្ទរកថាបើកកម្មវិធី។ កម្មវិធីក៏មានការសម្តែងរបាំជូនពររបស់ក្រុមសិល្បៈសមាគមកាយឫទ្ធិនារីកម្ពុជា ការសម្តែងសិល្បៈហ្វ្រង់កូហ្វូនី និងការសម្តែងសិល្បៈរបស់ប្រទេសរវ៉ាន់ដាផងដែរ។

សូមជម្រាបជូនថា ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» ដែលជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នឹងបើកទ្វារស្វាគមន៍សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាដោយសេរី ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។