កាលពីថ្ងៃទី១៧ ខែឧសភា នៅទីស្តីការក្រសួង លោកជំទាវរដ្ឋមន្រ្តីក្រសួងកិច្ចការនារីបានអនុញ្ញាតឱ្យឯកឧត្តម Naveen Srivastava ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជាជួបសម្តែងការគួរសមនិងពិភាក្សាការងារក្នុងឱកាសឯកឧត្តមត្រូវបញ្ចប់អាណត្តិនៅកម្ពុជា ។
លោកជំទាវរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនិងកោតសរសើរចំពោះ ភាពជឿជាក់ និងកិច្ចសហការល្អពីសំណាក់ រដ្ឋាភិបាលឥណ្ឌា មកលើរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម Naveen Srivastava បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិ្តការរវាងភាគីទាំងពីរកន្លងមកនិងមានប្រសាសន៍ថារដ្ឋាភិបាលឥណ្ឌានឹងបន្តកិច្ចសហប្រតិបត្តិការលើគម្រោងស្តីពី ការពង្រឹងសេដ្ឋកិច្ចដល់ស្ត្រីតាមរយៈប្រព័ន្ធបច្ចេកវិទ្យាដល់ស្រ្តី និងក្មេងស្រី និងបន្តផ្តល់វគ្គបណ្តុះបណ្តាលខ្លីនៅប្រទេសឥណ្ឌាដល់មន្រ្តីរាជការ។
ឯកឧត្តមក៏បានបន្តថារដ្ឋាភិបាលឥណ្ឌានឹងសហការឧបត្ថមគម្រោងទឹកស្អាតសម្រាប់សហគមន៍ដែលខ្វះខាត ស្របតាមសម្នើររបស់លោកជំទាវរដ្ឋមន្រ្តី។
ជាកិច្ចបញ្ចប់លោកជំទាវរដ្ឋមន្រ្តីបានជូនពរ ឱ្យឯកឧត្តមទទួលបានភាពជោគជ័យគ្រប់កិច្ចការនិងភារៈកិច្ចថ្មីរបស់ឯកឧត្តម។