ពិធិបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤

109
នាព្រឹកថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ក្រសួងកិច្ចការនារី បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីក្រសួង និងមន្ទីរកិច្ចការនារី រាជធានី ខេត្ត ដៃគូជាតិ មកពីក្រសួងស្ថាប័នពាក់ព័ន្ធ ក្រុមប្រឹក្សា អភិបាលរងរាជធានី ខេត្ត ដៃគូអភិវឌ្ឍន៍អន្តរជាតិ វិស័យឯកជន និងសង្គមស៊ីវិល សរុបចំនួន ២៨១រូប ស្រ្តី ២១៦រូប។។
នាឱកាសនោះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី បានមានប្រសាសន៍ថានៅក្នុងអណត្តិទី៧នេះ រាជរដ្ឋាភិបាលផ្តោតលើសមិទ្ធិកម្មរបស់អង្គភាពនីមួយៗ ។ អង្គភាពទាំងថ្នាក់ជាតិ និងក្រោមជាតិ ត្រូវបង្ហាញសមិទ្ធិផលរបស់ខ្លួនក្នុងរយៈពេល ២.៥ ឆ្នាំ។ ជាមួយគ្នានេះផងដែរ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី បានកោតសរសើរ ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ដែលខិតខំសម្រេចបានសមិទ្ធិផលសំខាន់ៗ រយៈពេល ២៥ឆ្នាំកន្លងមក និងត្រូវបន្តយកចិត្តទុកដាក់ទៅមុខទៀត ទាំងការងារខ្សែទទឹង (ការងារបញ្ជ្រាបយេនឌ័រ ការតាមដាន និងវាយតម្លៃ) និងការងារខ្សែបណ្តោយ ដោយផ្តោតលើវិស័យអាទិភាពចំនួន ៦ រួមមាន៖
១.ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្រ្តី
២.ការលើកកម្ពស់ការអប់រំរបស់ស្រ្តី និងក្មេងស្រី និងការពង្រីកវិសាលភាពការងារអប់រំសីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ
៣.ការលើកកម្ពស់សុខភាពស្រ្តី និងក្មេងស្រី
៤.កិច្ចការពារផ្លូវច្បាប់់សម្រាប់ស្រ្តី និងក្មេងស្រី
៥.ការលើកកម្ពស់តួនាទីស្រ្តីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច
៦.ការបញ្រ្ជាបយេនឌ័រ និងលើកកម្ពស់តួនាទីស្រ្តីក្នុងកម្មវិធីប្រែប្រួលអាកាសធាតុ
ព្រមទាំងការងារលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើនារីភេទ។
ថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទទាំងអស់ត្រូវ អនុវត្តកិច្ចការទាំងនេះប្រកបដោយគំនិតច្នៃប្រឌិត និងនវានុវត្តន៍ ដើម្បីឆ្លើយតបនឹងគោលនយោបាយរដ្ឋាភិបាលឌីជីថល និងពង្រឹងភាពជាពលរដ្ឋរស់នៅក្នុងសង្គមដែលមានអរិយធម៌ខ្ពស់។