រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ ដេវយ៉ានី ខុប្រ៊ា ហ្គាដេ (Devyani. U. Khobragade) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារទៅលើកិច្ចសហប្រតិបត្តិការនានា ជាមួយ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ។
ក្នុងជំនួបពិភាក្សានេះ លោកជំទាវកិត្តិបណ្ឌិត រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងលោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌា បានធ្វើការវាយតម្លៃខ្ពស់ទៅលើកិច្ចសហការយ៉ាងជិតស្និទ្ធរវាង ក្រសួងកិច្ចការនារី និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជាកន្លងមកទៅលើគម្រោងមួយចំនួនក្នុងការលើកកម្ពស់ភាពអង់អាច និងសុខុមាលភាពដល់ស្ត្រីនិងក្មេងស្រីតាមរយៈការផ្តល់ជំនួយគាំទ្រដល់វគ្គបណ្តុះបណ្តាលដល់មន្ត្រីក្រសួងកិច្ចការនារី និងការគាំទ្រទៅលើគម្រោងសាងសង់បន្ទប់ទឹក និងសាលារៀនតាមរយៈគម្រោងឆាប់ទទួលបានផល (Quick Impact Project) នៅក្នុងគម្រោងកិច្ចសហប្រតិបត្តិការមេគង្គហ្គាហ្គាន (Mekong Gangka Cooperation) ។
លោកជំទាវឯកអគ្គរដ្ឋទូត ក៏មានចំណាប់អារម្មណ៍ទៅលើគម្រោងមួយចំនួនដែលជាការលើកឡើងរបស់លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តីក្រសួងកិច្ចការនារី ដូចជាគម្រោងអាហារូបត្ថម្ភល្អ និងចំណេះដឹងបច្ចេកវិទ្យាក្នុងវិស័យអប់រំ ការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីតាមរយៈការដាក់ចេញនូវគម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងសហគ្រិនភាពដល់ស្ត្រី ជាពិសេសពង្រឹងផ្នែកចំណេះដឹងឌីជីថលដល់ពួកគាត់ដើម្បីពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី និងសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។
នាក្នុងឱកាសនោះផងដែរ លោកជំទាវកិត្តិបណ្ឌិត រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងលោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌា ចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយ សាធារណរដ្ឋឥណ្ឌា លើគម្រោង “ការសាងសង់អគារសិក្សា៦បន្ទប់ នៅសាលាបឋមសិក្សាកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ” ដោយប្រើប្រាស់ថវិកាប្រមាណ ១០ ម៉ឺនដុល្លារ (មួយសែនដុល្លារអាមេរិក) ។ គម្រោងនេះមានគោលបំណង ធ្វើឱ្យប្រសើរឡើងនូវគុណភាពសិក្សា សម្រាប់សិស្សចាប់ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ៦ ស្របនឹងគោលដៅរួមរបស់រាជរដ្ឋាភិបាលស្តីពី ផែនការអប់រំជាតិ ដើម្បីធានានូវ ការចូលរួមប្រកបដោយគុណភាព និងទទួលបានការអប់រំស្មើភាពគ្នាសម្រាប់កុមារកម្ពុជា ជាពិសេស កុមារី ដើម្បីសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ។