នាថ្ងៃសុក្រ-សៅរ៍ ១០-១១ រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃ១៤-១៥ ខែសីហា ឆ្នាំ២០២០ នាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចនៃក្រសួងកិច្ចការនារី បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់អភិវឌ្ឍន៍សហគ្រិនស្ត្រី” សហការជាមួយធនាគារជាតិនៃកម្ពុជា និងគាំទ្រថវិកាដោយ ក្រុមហ៊ុនវីសានៅខេត្តស្ទឹងត្រែង ដែលនេះជាលើកទី៣ហើយ បន្ទាប់ពីវគ្គនេះត្រូវបានផ្ដល់កន្លងមកនៅខេត្តសៀមរាប និងក្រចេះ។ កម្មវិធីបើកវគ្គប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការនៃក្រសួងកិច្ចការនារី និងមានការចូលរួមពី លោក អែម កំណាន់ ប្រធាននាយកដ្ឋាននីតិកម្ម ពីធនាគារជាតិនៃកម្ពុជា និងលោកជំទាវ កែវ សាវឿន អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង ។ វគ្គបណ្តុះបណ្តាលនេះត្រូវបានជូនដល់មន្ត្រីក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារី មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី និងមន្ទីរពាក់ព័ន្ធ រួមមាន៖ មន្ទីរកសិកម្ម មន្ទីរពាណិជ្ជកម្ម មន្ទីរទេសចរណ៍ មន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានអ្នកចូលរួមសរុបចំនួន ៤៧នាក់ ស្រី ៣៤នាក់ ក្នុងគោលបំណងបង្កើនចំណេះដឹង អំពីការគ្រប់គ្រងហិរញ្ញវត្ថុ ការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ និងការប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់សេវាកម្មហិរញ្ញវត្ថុ ជាពិសេសជម្រុញឱ្យមានការផ្សព្វផ្សាយបន្តដល់ស្ត្រីសហគមន៍ ។