មន្ទីរកិច្ចការនារីរាជធានីភ្នំពេញ៖
វគ្គបណ្តុះបណ្តាលអប់រំផ្សព្វផ្សាយស្តីពី ការចិញ្ចឹមកូនបែបវិជ្ជមាន ដល់អ្នកទទួលបន្ទុកកិច្ចការនារីនិងកុមារសង្កាត់ទាំង៨ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្រោមកិច្ចសហការណ៍ជាមួយការិយាល័យសង្គមកិច្ចនិងសុខមាលភាពសង្គម និងរដ្ឋបាលខណ្ឌ៧មករា ។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណងឆ្លុះបញ្ចាំងពី ការចិញ្ចឹមបីបាច់ដែលពួកគាត់បានធ្លាប់ឆ្លងកាត់ផ្ទាល់កាលនៅកុមារភាព និងដើម្បីឱ្យពួកគាត់ពិចារណា អំពីវិធីសាស្រ្តដែលពួកគាត់បានប្រើក្នុងការចិញ្ចឹមកូននាពេលបច្ចុប្បន្ន។ ព្រមទាំងពួកគាត់ដឹងថា ការប្រៀនប្រដៅកូនបែបអវិជ្ជមាន ដោយការរំលោភបំពាន នឹងបង្កផលប៉ះពាល់យ៉ាងច្រើន ដល់ការវិវឌ្ឍន៍របស់កូនពិតប្រាកដមែន ។
អ្នកចូលរួម ចំនួន ៤៧នាក់ (ស្រី្ត ៣៧នាក់) បានយល់ដឹងកាន់តែច្បាស់អំពីការចិញ្ចឹមកូនបែបវិជ្ជមាន ដោយបានបញ្ចេញនូវមតិយោបល់យ៉ាងផុលផុស ។ ពួកគាត់បេ្តជ្ញាថានឹងយកនូវចំណេះដឹងដែលទទួលបានទៅអនុវត្ត និងផ្សព្វផ្សាយឱ្យកាន់តែល្អប្រសើរថែមទៀត។ ចំពោះវគ្គអប់រំផ្សព្វផ្សាយនេះទទួលបានការឧបត្ថម្ភគាំទ្រពីរដ្ឋបាលសាលា ខណ្ឌ៧មករា និងធ្វើឡើង កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅសាលាខណ្ឌ៧មករា។