នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ លោកជំទាវ គឹម ស៊ីផាត់ ដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំក្រុមការងារបញ្ជ្រាបយេនឌ័រ

33

លោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវវេជ្ជ. អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអញ្ជើញជាអធិបតី និងដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំក្រុមការងារបញ្ជ្រាបយេនឌ័រ ក្រសួង ស្ថាប័ន ការលើកកម្ពស់ការបញ្រ្ជាបយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តីតាមវិស័យ ដែលមានសមាសភាពចូលរួមពី ថ្នាក់ដឹកនាំ និងថ្នាក់នាយកដ្ឋាននៃក្រសួងកិច្ចការនារី ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ថ្នាក់ដឹកនាំ និងក្រុមការងារបញ្ជ្រាបយេនឌ័រ តាមក្រសួងស្ថាប័ន សរុបចំនួន៩៦នាក់ ។ កិច្ចប្រជុំនេះមានគោលបំណងពិនិត្យលើវឌ្ឍនភាពសំខាន់ៗ ចែករំលែកពត៌មាន មេរៀនបទពិសោធន៍ បញ្ហាប្រឈមព្រមទាំងកំណត់រកអភិក្រមគន្លឹះៗ និងទិសដៅបន្តក្នុងការអនុវត្តការលើកកម្ពស់សមភាពយេនឌ័រ នៅតាមវិស័យ ឱ្យកាន់តែមានប្រសិទ្ធភាព លទ្ធផលរំពឹងទុកដែលកើតចេញពីកិច្ចប្រជុំដែលមានរយៈពេលពីរថ្ងៃ ដូចជា៖ (១)ទទូលបាននូវព័ត៌មានបច្ចុប្បន្នភាពនៃគោលនយោបាយ និងនិន្នាការគាំទ្រការបញ្រ្ជាបយេនឌ័រនៅកម្រិតសកល និងកម្រិតជាតិ (២)ទទួលបានអំពីព័ត៌មានពីវឌ្ឍនភាព មេរៀនបទពិសោធន៍ និងកាលានុវត្តភាពក្នុងការអនុវត្តការបញ្រ្ជាបយេនឌ័ររបស់ក្រសួងស្ថានប័ន (៣)ទទួលបាននូវធាតុចូលលើកប្រធានបទសម្រាប់អបអរសាទខួប លើកទី១០៩ ទិវាអន្តរជាតិនារី៨មីនាឆ្នាំ២០២០ (៤)ទទួលបានព័ត៌មានគន្លឹះៗសម្រាប់លើកទិសដៅបន្តក្នុងការអនុត្តការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើតភាពអង់អាចដល់ស្រ្តី តាមវិស័យរបស់ក្រសួង ស្ថានប័ន ។ កិច្ចប្រជុំនេះធ្វើឡើង នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ ។