ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បើកវគ្គបណ្តុះបណ្តាល ស្តីពី ការអនុវត្តអនុសញ្ញា ”ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ” (ស៊ី-ដ CEDAW) និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី

42

ខេត្តស្វាយរៀង​​ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ផ្នែកនីតិកម្មនៃអគ្គលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី (ក.ជ.ក.ស) បានសម្របសម្រួលរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី ការអនុវត្តអនុសញ្ញា ”ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ” (ស៊ី-ដ CEDAW) និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

វគ្គបណ្តុះបណ្តាលនេះ ប្រពឹត្តឡើងរយះពេលបីថ្ងៃ ក្រោមអធិបតីភាព លោកជំទាវ ម៉ិញ កុសនី​ រដ្ឋលេខាធិការ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាសមាជិកា ក.ជ.ក.ស លោកជំទាវ​ ប៊ុនឈិត វាសនា អគ្គលេខាធិការ​នៃអគ្គលេខាធិការដ្ឋានអចិន្ត្រៃយ៍​ ក.ជ.ក.ស និងលោកជំទាវ ពៅ សុភាព អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង និងមានសមាសភាពចូលរួមជា ប្រធាន ឬអនុប្រធានមន្ទីរកិច្ចការនារី ផែនការ សុខាភិបាល សង្គមកិច្ច និងអតីតយុទ្ធជន យុវនីតិសម្បទា និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មកពីរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តព្រៃវែង និងខេត្តស្វាយរៀង ព្រមទាំងកងរាជអាវុធហត្ថ មន្ត្រីសាលាខេត្ត និងប្រធានក្រុមប្រឹក្សាឃុំដែលពាក់ព័ន្ធក្នុងខេត្តស្វាយរៀង សរុបចំនួន ៦០នាក់ (ស្ត្រី ៣៨នាក់)។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងជំរុញលើការអនុវត្តអនុសញ្ញា (ស៊ី-ដ CEDAW) នេះឱ្យមានសង្គតិភាពទៅនឹងច្បាប់ជាតិ និងគោលនយោបាយនានា របស់រាជរដ្ឋាភិបាល និងដើម្បីពិនិត្យមើលឡើងវិញលើភាពខ្វះចន្លោះ តាមរយះរបាយការណ៍ជាតិ លើកទី៤ និងលើកទី៥ នៃការអនុវត្តអនុសញ្ញានេះនៅប្រទេសកម្ពុជា។