កិច្ចប្រជុំកំពូលស្រ្តីអាស៊ាន លើកទី២ ក្រោមប្រធានបទ «ការកសាងអនាគតប្រកបដោយចីរភាព បរិយាបន្ន និងកាន់តែរឹងមាំ៖ បំផុសសហគ្រិនស្រ្តីក្នុងអាស៊ាន» នៅវិមានសន្តិភាព និងតាមប្រព័ន្ធវីដេអូអនឡាញ
នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំកំពូលស្រ្តីអាស៊ាន លើកទី២ ក្រោមប្រធានបទ «ការកសាងអនាគតប្រកបដោយចីរភាព បរិយាបន្ន និងកាន់តែរឹងមាំ៖ បំផុសសហគ្រិនស្រ្តីក្នុងអាស៊ាន» នៅវិមានសន្តិភាព និងតាមប្រព័ន្ធវីដេអូអនឡាញ ។ កិច្ចប្រជុំនេះ ចូលរួមដោយថ្នាក់ដឹកនាំបណ្តាប្រទេសអាស៊ាន និងថ្នាក់ស្រ្តីនៅតាមបណ្តាប្រទេសអាស៊ាន ព្រមទាំងថ្នាក់ដឹកនាំដៃគូសន្ទនាអាស៊ាន ដើម្បីចែករំលែកមេរៀនពិសោធន៍ ពិនិត្យឡើងវិញនូវបញ្ហាប្រឈម និងលើកទិសដៅរួម ក្នុងការលើកកម្ពស់សហគ្រិនភាពរបស់ស្រ្តី ក្នុងតំបន់ ។
សម្តេចតេជោ នាយករដ្ឋមន្រ្តី បានថ្លែងក្នុងសុន្ទរកថាបើកកិច្ចប្រជុំថា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលស្រ្តីអាស៊ាន លើកទី២ កម្ពុជាបានកំណត់ប្រធានបទ « ការកសាងអនាគត ប្រកបដោយចីរភាព បរិយាបន្ន និងកាន់តែរឹងមាំ៖ បំផុសសហគ្រិនភាពរបស់ស្រ្តីនៅក្នុងអាស៊ាន» ដើម្បីជំរុញកិច្ចសហការ និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់សហគ្រិនភាពរបស់ស្រ្តីឲ្យក្លាយជាកម្លាំងចលករគន្លឹះប្រកបដោយចីរភាព និងកាន់តែរឹងមាំ ក្នុងការស្តារ និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឡើងវិញ ឆ្ពោះទៅរកការកសាងអនាគត និងវិបុលភាពរួមមួយ។
កិច្ចប្រជុំកំពូលស្រ្តីអាស៊ាននេះ ក៏បានពិភាក្សា និងឯកភាពលើសេចក្តីថ្លែងការណ៍អាស៊ាន (ASEAN Declaration) ស្តីពី« ការកសាងអនាគត ប្រកបដោយចីរភាព បរិយាបន្ន និងកាន់តែរឹងមាំ៖ បំផុសសហគ្រិនភាពរបស់ស្រ្តីនៅក្នុងអាស៊ាន» ដែលនឹងត្រូវដាក់ឱ្យអនុម័តក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។
Read more