ក្រសួងកិច្ចការនារី ដែលជាប្រធានក្រុមការងារខមមីត ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅអនុតំបន់មេគង្គ បានដឹកនាំក្រុមការងារខមមីតកម្ពុជា និងមានការចូលរួមពីអង្គការសហប្រជាជាតិ និងអង្គការសង្គមស៊ីវិល ចូលរួមកិច្ចប្រជុំថ្នាក់ឧត្តមមន្រ្តីលើកទី១៤

47

កាលពីថ្ងៃទី១៥-១៦ ខែធ្នូ ឆ្នាំ២០២០ ក្រសួងកិច្ចការនារី ដែលជាប្រធានក្រុមការងារខមមីត ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅអនុតំបន់មេគង្គ បានដឹកនាំក្រុមការងារខមមីតកម្ពុជា (សមាសភាពមកពីក្រសួងស្ថាប័នពាក់ព័ន្ធ រួមមាន ទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងព័ត៌មាន ក្រសួងទេសចរណ៍ ក្រសួងអប់រំ យុវជន និងកីឡា ស្ថាប័នអយ្យការ អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអវុធហត្ថលើផ្ទៃប្រទេស  គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស) និងមានការចូលរួមពីអង្គការសហប្រជាជាតិ និងអង្គការសង្គមស៊ីវិល ចូលរួមកិច្ចប្រជុំថ្នាក់ឧត្តមមន្រ្តីលើកទី១៤ តាមរយៈសន្និសីទវីដេអូ ជាមួយប្រទេស៥ផ្សេងទៀតនៃទន្លេមេគង្គរួមមាន ចិន ឡាវ មីយ៉ាន់ម៉ា ថៃឡង់ដ៍ និងវៀតណាម ក្រោមប្រធានបទ “អភិក្រមគ្រប់ជ្រុងជ្រោយដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស “។ អង្គប្រជុំបានរាយការណ៍ពីបច្ចុប្បន្នភាព និងចែករំលែកនូវបទពិសោធន៍ល្អ បញ្ហាប្រឈម និងទិសដៅបន្តក្នុងការអនុវត្តផែនការសកម្មភាពអនុតំបន់មេគង្គ ស្តីពី ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ព្រមទាំងពិភាក្សាលើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសទាំង៦ និងការដាក់ចេញនូវវិធានការដែលមាននវានុវត្ត ជាពិសេសដោះស្រាយអំពើជួញដូរមនុស្សក្នុងបរិបទកូវីដ១៩។ ជាលទ្ធផលកិច្ចប្រជុំ បានឯកភាព៖

  • បង្កើតយន្តការបញ្ជូនឆ្លងដែន (Transnational Referral Mechanism)
  • ពន្យាពេលផែនការសកម្មភាពអនុតំបន់មេគង្គ ស្តីពី ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (SPA IV) ដល់ឆ្នាំ២០២២
  • ឯកភាពក្នុងការបង្កើតយន្តការរួម រួមទាំងជនបង្គោលក្នុងការចែករំលែកព័ត៌មាន ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។