ថ្ងៃអង្គារ ៨កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០២០ នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្រសួងកិច្ចការនារី ក្រោមជំនួយពីរដ្ឋាភិបាលអូស្តា្រលី តាមរយៈកម្មវិធី ACCESS បានរៀបចំកិច្ចប្រជុំប្រចាំត្រីមាសលើកទី៣ ជាមួយអង្គការដៃអនុវត្តផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដឹកនាំនិងសម្របសម្រួលដោយលោកជំទាវ ញាណ សុចិត្រា អគ្គនាយក នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម ក្រសួងកិច្ចការនារី។ សមាសភាពចូលរួមក្រៅអំពីស្ថាប័នដៃគូអនុវត្ត ក៏មានតំណាងក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមប្រឹក្សាសកម្មភាពជនពិការ ព្រមទាំងតំណាងមកមន្ទីរកិច្ចការនារីដែលជាខេត្តគោលដៅ ទាំង៣ខេត្ត សរុប ៣៨ នាក់ ស្រ្តីមាន២៤នាក់ ។
អង្គប្រជុំទាំងមូលបានបង្ហាញដំណើរការរីកចម្រើននៃការអនុវត្តការងារក្នុងការឆ្លើយតបទៅនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រតាមខេត្ត និងស្រុកគោលដៅរបស់ខ្លួន ព្រមទាំងបានលើកឡើងម្តងទៀតពីការប្រឈមដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីត ១៩ ធ្វើឱ្យសកម្មភាពមួយចំនួនត្រូវបានពន្យារពេលអនុវត្ត។ ទោះយ៉ាណាងក៏ដោយ លោកជំទាវប្រធានអង្គប្រជុំបានសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ដៃគូរទាំងអស់ ដែលបានសហការគ្នាក្នុងការផលិតសម្ភារៈអប់រំ ទប់ស្កាត់កូវីត១៩ ព្រមទាំងបានផ្សព្វផ្សាយពីសេវាឆ្លើយតបអំពើហិង្សានៅតាមបណ្តាខេត្តគោលដៅរបស់ខ្លួន ។