លោកជំទាវរដ្ឋមន្រ្តី អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារីបានអនុញាតជូន អង្គការមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ចូលជួបសំណេះសំណាល និងប្រគល់សម្ភារៈប្រើប្រាស់ចំនួន៤០០ឃិត សម្រាប់ស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅតាមបណ្តាខេត្តចំនួន៨។ អង្គការ UNFPA សហការជាមួយនឹងរដ្ឋាភិបាលកម្ពុជា និងដៃគូផ្តោតលើបញ្ហាសំខាន់ៗចំនួន៣ ដូចជា៖ ១)សុខភាពផ្លូវភេទនិងសុខភាពបន្តពូជ ២)ក្មេងជំទង់និងយុវវ័យ 3)ផ្នែកទិន្នន័យប្រជាសាស្រ្ត។ ក្រសួងកិច្ចការនារីសហការយ៉ាងជិតស្និទ្ធជាមួយអង្គការ UNFPA និងដៃគូពាក់ព័ន្ធ ក្នុងការរៀបចំ ១) ផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តីលើកទី៣ ២)យុទ្ធសាស្រ្តនារីរតនៈទី៥ ៣)ការពង្រឹងសមត្ថភាពក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ និង៤)គាំទ្រឱ្យមានការបង្កើតកន្លែងផ្តល់សេវាចម្រុះជួយជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ យោងតាមសិ្ថតិរបស់អង្គការសុខភាពពិភពលោក បង្ហាញថានៅក្នុងពិភពលោកស្រ្តីប្រឈមនឹងអំពើហិង្សារហូតដល់ទៅ៣១លាននាក់ក្នុងពេលការរីករាលដាលជំងឺកូវីត១៩។ ការកើនឡើងនៃចំនួនស្រ្តីរងគ្រោះដោយអំពើហិង្សាក្នុងអំឡុងពេលវីរុសកូវីដ១៩ដោយសារ ការរឹតបន្តឹងមិនឱ្យមានការជួបជុំដើម្បីការពារការឆ្លងដែលធ្វើឱ្យកន្លែងធ្វើការមួយចំនួនត្រូវបិទ ឬកាត់បន្ថយម៉ោងធ្វើការ ការរកប្រាក់ចំណូលបានតិចជាងមុន ការភ័យខ្លាចនៃការឆ្លង។ ពិធីប្រគល់សម្ភារៈធ្វើនៅថ្ងៃពុធ ១៤ រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួងកិច្ចការនារី។