ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តរបស់ក្រសួងកិច្ចការនារី
នៅថ្ងៃព្រហស្បតិ៍ ៨កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ក្រសួងកិច្ចការនារី បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី។
ភ្ជាប់ជាមួយនឹងកិច្ចការអាទិភាពឆ្នាំ២០២៦ ដែលបានលើកឡើងដោយអង្គសន្និបាត លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍លើកិច្ចការអាទិភាព សម្រាប់ក្រសួង និងមន្ទីរកិច្ចការនារី ជាមួយនឹងក្រសួង-ស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធចំនួន ៩ចំណុចបន្ថែមទៀតរួមមាន៖ ១.បន្តអនុវត្តអភិក្រមបរិវត្តកម្មយេនឌ័រ ២.លើកកម្ពស់ប្រព័ន្ធអេកូឡូស៊ី ដែលគាំទ្រដល់សហគ្រិន និងអាជីវករជាស្រ្តី ៣.ពិនិត្យមើលលទ្ធភាពនានាក្នុងការពង្រឹង និងពង្រីកកម្មវិធី និងវិធានការគោលនយោបាយក្នុងការលើកកម្ពស់សុខុមាលភាពរបស់ស្រ្តីនៅក្នុងវិស័យសេដ្ឋកិច្ច និងសង្គម ៤.បន្តអនុវត្តកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ៥.ដឹកនាំសម្របសម្រួលអនុវត្តផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី និងផែនការសកម្មភាពជាតិទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍វ័យក្មេង និងការមានផ្ទៃពោះវ័យជំទង់ ៦.រៀបចំកម្មវិធី «ពុកម៉ែល្អ កូនល្អ» និង «ម្តាយឆ្នើម» ៧.ផ្តោតការយកចិត្តទុកដាក់ក្នុងការដោះស្រាយគម្លាតយេនឌ័រ ៨.បន្តដឹកនាំ និងពង្រឹងការសម្របសម្រួលក្នុងក្របខ័ណ្ឌ គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី ៩. លើកកម្ពស់ការអនុវត្តរបៀបវារៈស្តីពីស្រ្តី សន្តិភាព និងសន្តិសុខ។ នាឱកាសដ៏វិសេសវិសាលនេះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួង និងមន្ទីរកិច្ចការនារី សូមបន្តអនុវត្តទិសដៅការងាររបស់ខ្លួន ស្របតាមកម្មវិធីកែទម្រង់និងទិសដៅជាយុទ្ធសាស្ត្រ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ដែលផ្តោតលើការពង្រឹងអភិបាលកិច្ច, ការអនុវត្ត «អភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ» (Dynamics of Stakeholder System), និង ការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ប្រកបដោយសមត្ថភាពខ្ពស់, ខ្លាំង, វៃឆ្លាត, បុរេសកម្ម, និងភាពធន់ខ្ពស់ ជាពិសេសឆ្លើយតបនឹងការវិវត្តយ៉ាងលឿនរបស់សង្គម និងទិដ្ឋភាពមិនប្រាកដប្រជារបស់សកលលោកនាពេលបច្ចុប្បន្ននេះ។
កម្មវិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងមន្ទីរកិច្ចការនារី និងរដ្ឋបាលថ្នាក់ក្រោមជាតិ តំណាងក្រសួង-ស្ថាប័ន អង្គការសង្គមស៊ីវិល និងដៃគូអភីវឌ្ឍន៍ សរុបប្រមាណ ៣០០រូប (ស្រី ២៤០រូប) (ដោយផ្ទាល់) និង ៦០០ រូប តាមរយៈប្រព័ន្ធ Zoom។







































































