ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តរបស់ក្រសួងកិច្ចការនារី

នៅព្រឹកថ្ងៃពុធ ៧កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ក្រសួងកិច្ចការនារី បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី។ អង្គសន្និបាតរយៈពេលពីរថ្ងៃ (ថ្ងៃទី២៥-២៦ ខែមីនា) នឹងពិភាក្សាយ៉ាងស៊ីជម្រៅលើប្រធានបទអាទិភាពចំនួន ៣ រួមមាន៖

១. កម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់ស្ថាប័ន រួមទាំងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ។

២. ការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ ការលើកកម្ពស់សុខុមាលភាព ការចិញ្ចឹមកូនបែបវិជ្ជមាន និងសីលធម៌សង្គម។

៣. ការងារបញ្ជ្រាបយេនឌ័រ ភាពជាអ្នកដឹកនាំរបស់ស្រ្តីនិងក្មេងស្រី និងការអភិវឌ្ឍសេដ្ឋកិច្ចស្ត្រី។

អង្គសន្និបាត នឹងមានការពិភាក្សាផ្តោតលើ សូចនាករសមិទ្ធកម្មគន្លឹះ (KPIs) សម្រាប់រៀបចំផែនការអាទិភាពឆ្នាំ២០២៦។

កម្មវិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងមន្ទីរកិច្ចការនារី និងរដ្ឋបាលថ្នាក់ក្រោមជាតិ សរុបប្រមាណ ២៣៥រូប (ស្រី ១៨៦រូប) (ដោយផ្ទាល់) និង ៦៦៥ រូប តាមរយៈប្រព័ន្ធ Zoom។