កិច្ចប្រជុំប្រចាំឆ្នាំ និងកិច្ចប្រជុំពាក់ព័ន្ធ របស់ គណៈកម្មាការអាស៊ានដើម្បីស្រ្តី

    36

    នៅថ្ងៃទី១៥-១៦​ ខែធ្នូ ឆ្នាំ២០២០ ក្រសួងកិច្ចការនារីបានរៀបចំ កិច្ចប្រជុំប្រចាំឆ្នាំ និងកិច្ចប្រជុំពាក់ព័ន្ធនានារបស់គណៈកម្មាការអាស៊ានដើម្បីស្រ្តី តាមរយៈប្រព័ន្ធវីដេអូ ខណៈពេលដែលប្រទេសកម្ពុជាទទួលតំណែងជាប្រធានគណៈកម្មាការអាស៊ានស្ដីពីស្រ្តីចាប់ពីចុងខែធ្នូឆ្នាំ២០២០ ដល់ខែតុលា ឆ្នាំ២០២១ បន្ទាប់ពីប្រទេសប្រ៊ុយណេដារ៉ូសាឡឹម បានផុតអាណិត្តនៅក្នុងឆ្នាំ២០២០។

    កិច្ចប្រជុំប្រចាំឆ្នាំ និងកិច្ចប្រជុំពាក់ព័ន្ធនានា ក្រោមប្រធានបទ ការជម្រុញឱ្យមានស្រ្តីជាថ្នាក់ដឹកនាំ និងការចូលរួមកររបស់ស្រ្តីលើឆាកនយោបាយ នេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការប្រចាំការនៃក្រសួងកិច្ចការនារី និងជាប្រធានរបស់គណៈកម្មាការអាស៊ានដើម្បីស្រ្តី។ កិច្ចប្រជុំប្រចាំឆ្នាំ បានពិភាក្សាយ៉ាងស៊ីជម្រៅទៅលើសេចក្ដីព្រាងផែនការសកម្មភាពថ្មីរបស់គណៈកម្មាការអាស៊ានស្ដីពីស្រ្តី ឆ្នាំ ២០២១-២០២៥ ដើម្បីដាក់ជូន រដ្ឋមន្រ្តីស្រ្តីអាស៊ាន ដើម្បីពិនិត្យនិងសម្រេចនៅត្រីមាសទី១ ឆ្នាំ២០២១។ កិច្ចប្រជុំបានឯកភាពលើការដាក់ចេញនូវឯកសារសំខាន់ៗមួយចំនួនក្នុងការអនុវត្តនិងធានាថាយេនឌ័រត្រូវបានគិតគូរគ្រប់ជ្រុងជ្រោយក្នុងសកម្មភាពរបស់គណៈកម្មាការអាស៊ានដើម្បីស្រ្តី គណៈកម្មាធិការអាស៊ានក្នុងការលើកកម្ពស់និងការការពារសិទ្ធដល់ស្រ្តី និងកុមារ ស្ថាប័នអន្តរវិស័យអាស៊ាន ក៏ដូចជាការចូលរួមពីសង្គមស៊ីវិលមួយចំនួនដែលធ្វើការពាក់ព័ន្ធស្រ្តី និងក្មេងស្រី។

    ស្របពេលក្នុងកិច្ចប្រជុំគណៈកម្មាការអាស៊ានដើម្បីស្រ្តីនេះផងដែរ ​វត្តមានរបស់អាស៊ានបូកបី ប្រទេសចិន ជប៉ុន និងកូរ៉េ ក៏បានចូលរួមក្នុងកិច្ចប្រជុំលើកទី១២របស់គណៈកម្មាការអាស៊ានដើម្បីស្រ្តីបូកបី តាមរយៈប្រព័ន្ធវីដេអូ  ។​ សិក្ខាសាលាចំនួនពីរបានរៀបចំឡើង ១) សិក្ខាសាលា ស្ដីពី ការជម្រុញឱ្យមានស្រ្តីជាថ្នាក់ដឹកនាំ និងការចូលរួមលើឆាកនយោបាយនៅក្នុងតំបន់អាស៊ាន ក្នុងគោលបំណងទទួលបានធាតុចូលលើ ភាពជោគជ័យ និងបញ្ហាប្រឈមរបស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំ និងការចូលរួមក្នុងនយោបាយក្នុងបណ្តាប្រទេសជាសមាជិកអាស៊ាន និង ២) វេទិការពិភាក្សា ស្ដីពី សេចក្ដីកំណត់នៃការងារគ្មានប្រាក់កម្រៃ និងការងារផ្ទះ ក្នុងគោលបំណងជម្រុញអោយមានការផ្លាស់ប្តូរការយល់ដឹង និងពិភាក្សាពីសារៈសំខាន់នៃការដោះស្រាយពីបញ្ហា ការងារគ្មានប្រាក់កម្រៃ និងការងារផ្ទះ ជាការរួមចំណែកក្នុងការពង្រឹងការផ្តល់អំណាចសេដ្ឋកិច្ចដល់ស្រ្តីក្នុងតំបន់អាស៊ាន។

    កិច្ចប្រជុំប្រចាំឆ្នាំ និងកិច្ចប្រជុំពាក់ព័ន្ធនានារបស់គណៈកម្មាការអាស៊ានដើម្បីស្រ្តី គឺជាវេទិកាដ៏មានសារៈសំខាន់មួយ សម្រាប់កិច្ចសន្ទនារបស់អាស៊ានដើម្បីពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃការអនុវត្តការងារ និងកំណត់ទិសដៅបន្តដែលអាចឆ្លើយតបនឹងផែនការសកម្មភាពប្រាំឆ្នាំរបស់ខ្លួន ក៏ដូចជាអាចសម្រេចឱ្យបាននូវសមភាពយេនឌ័រ និងកិច្ចការពារសិទ្ធិស្រ្តីនៅក្នុងតំបន់អាស៊ានទាំងមូល៕