ការចូលសម្តែងការគួរសមរបស់ឯកឧត្តម Ermemegildo Kupa Lopes អគ្គរដ្ឋទូត នៃប្រទេសទីម័រខាងកើតចំពោះលោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តី ក្រសួងកិច្ចការនារី

    11

    លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តី ក្រសួងកិច្ចការនារី បានអនុញ្ញាតជូន ឯកឧត្តម Ermemegildo Kupa Lopes អគ្គរដ្ឋទូត នៃប្រទេសទីម័រខាងកើត ចូលសម្តែងការគួរសម កាលពី ថ្ងៃ ៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងកិច្ចការនារី ។ ឯកឧត្តមអគ្គរដ្ឋទូតបានរំលឹកពីស្មាដៃរបស់ លោកជំទាវរដ្ឋមន្រ្តីក្នុងភាពជាអ្នកដឹកនាំ ដើម្បីកែប្រែស្ថានភាពស្រ្តីនៅប្រទេសកម្ពុជា ដើម្បីសម្រេចបានសមភាពយេនឌ័រ។ ឯកឧត្តមអគ្គរដ្ឋទូត បានលើកឡើងពីប្រវត្តិសាស្រ្តនៃការទាមទារឯករាជ្យរបស់ប្រទេសទីម័រខាងកើត និងការអភិវឌ្ឍន៍ប្រទេសឱ្យឈានទៅមុខជាបន្តបន្ទាប់ ជាមួយគ្នានេះដែរ ឯកឧត្តមអគ្គរដ្ឋទូតមានប្រសាសន៍កោតសរសើរពីវីរៈភាព និងការដឹកនាំប្រទេសកម្ពុជា ឱ្យសម្រេចបានវឌ្ឍនភាព និងរក្សាសន្តិភាព សន្តិសុខ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ព្រមទាំង រាជរដ្ឋាភិបាលកម្ពុជាក៏បានខិតខំប្រឹងប្រែង ទប់ស្កាត់ការឆ្លងរីករាលដាលរបស់វីរុសកូវីដ១៩ បានយ៉ាងល្អ។​ លោកជំទាវរដ្ឋមន្រ្តី ក៏មានថ្លែងអំណរគុណចំពោះការលើកឡើងរបស់ឯកឧត្តមអគ្គរដ្ឋទូត។ លោកជំទាវបានមានប្រសាសន៍ថា ប្រទេសកម្ពុជាក៏ធ្លាប់ឆ្លងកាត់សង្រ្គាមស៊ីវិល ។ សព្វថ្ងៃ ប្រទេសកម្ពុជាមានសន្តិភាព ដោយសាររាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តយុទ្ធសាស្រ្តឈ្នះ ឈ្នះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ។  ប្រទេសកម្ពុជា និងប្រទេសទីម័រខាងកើតនឹងពង្រឹងចំណងមិត្តភាពដ៏ល្អនេះ។ ហើយប្រទេសទាំងពីរគួរតែបង្កើតឱកាសឱ្យមានការផ្លាស់ប្តូរពាណិជ្ជកម្ម ដោយសិក្សាពីចំណុចខ្លាំងរៀងខ្លួន។