នារសៀលថ្ងៃព្រហស្បតិ៍ ៧រោចខែកត្តិក ឆ្នាំច សំរឹទ្ឋិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨

    175

    នារសៀលថ្ងៃព្រហស្បតិ៍ ៧រោចខែកត្តិក ឆ្នាំច សំរឹទ្ឋិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកជំទាវ ឡោក ខេង ប្រធាន គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភាបានដឹកនាំសមាជិក សមាជិកាជំនាញ ចុះសិក្សាស្វែងយល់ពី វិស័យការងារនៅក្រសួងកិច្ចការនារី ។ ក្នុងជំនួបនេះ ពិភាក្សាស្វែងយល់ពីយន្តការជាតិក៏ដូចជាឯកសារគតិយុត្តិ និងវឌ្ឍនភាពដែលក្រសួងកិច្ចការនារីបានធ្វើកន្លងមក ពិសេសដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការរវាងគណកម្មការទី8នៃរដ្ឋសភា និងក្រសួងកិច្ចការនារី។ ក្នុងឱកាសនេះដែរ ក្រសួងកិច្ចការនារីបានធ្វើបទបង្ហាញពីយុទ្ឋសាស្ត្រ ចតុកោណរបស់រាជរដ្ឋាភិបាលដំណាក់ទី3 និងទី4 និងបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់អាទិភាពខ្ពស់ទៅលើការងារលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងភាពអង់អាចដល់ស្ត្រី និងបង្ហាញពីច្បាប់គោលនយោបាយ នានា ដើម្បីលើកកម្ពស់សមភាពយេនឌ័រ ។ ក្រសួងកិច្ចការនារីបានសំណូមពរដល់ស្ថាប័នរដ្ឋសភាដែលមានគណកម្មការទី8ទទួលបន្ទុកកិច្ចការនារីសូមឲ្យបញ្ជ្រាបយេនឌ័រទៅតាមគណកម្មការបច្ចេកទេស និងចុងក្រោយសូមឲ្យពង្រឹងវប្បធម៌សន្ទនារវាងស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិ ដើម្បីការពារផលប្រយោជន៍ស្រ្តី។ ឆ្លើយតបនឹងសំណូមពរទាំងអស់នេះ លោកជំទាវ ឡោក ខេង ដែលជាប្រធានគណកម្មការទី8នៃរដ្ឋសភានីតិកាលទី6 បានគាំទ្រយ៉ាងពេញទំហឹង និងទទួលយកនូវសំណូមពរទាំងអស់នេះ ព្រោះជាការងារដែលសំខាន់។