នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំច សំរឹទិ្ធស័ក ព.ស ២៥៦២ ខិតជិតចូលមកដល់ គណ:ប្រតិភូក្រសួងកិច្ចការនារី និងមន្ទីរកិច្ចការនារីទាំង២៥ខេត្តក្រុង ដឹកដោយលោកជំទាវវេជ្ជ. អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនកងទ័ពនៃវរសេនាតូចលេខ២ តំបន់ប្រតិបត្តិការសឹករងខេត្តស្ទឹងត្រែង ស្ថិតក្នុងស្រុកសៀមប៉ាង ព្រំប្រទល់ប្រទេសឡាវ ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន ក្នុងបុព្វហេតុការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ មានប្រសាសន៍សំណេះសំណាលជាមួយនាយទាហាន និងពលទាហាន លោកជំទាវរដ្ឋមន្រ្តីក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច កិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែនឹកគិតដល់សុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនវីរៈជនការពារមាតុភូមិកម្ពុជាយើង។តាងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកទាំងអស់នៃក្រសួងកិច្ចការនារី លោកជំទាវរដ្ឋមន្រ្តីសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះមេបញ្ជាការ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានខិតខំ យកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការថែរក្សាការពារ បូរណភាពទឹកដី ជាពិសេសការអនុវត្តន៍យ៉ាងម៉ើងម៉ាត់បំផុត នូវបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន គឺ “ខិតខំការពារបូរណភាពទឹកដីមិនឱ្យបាត់បង់មួយមីលីម៉ែត្រឡើយ”។ ជាទីបញ្ចប់ លោកជំទាវរដ្ឋមន្រ្តី ក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនវីរៈជនត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើបញ្ហាសុខភាព អនាម័យ ជាពិេសសអាហាររូបត្ថម្ភរបស់បងប្អូនស្រ្តី ភរិយារបស់នាយទាហាន ពលទាហាន ដែលកំពុងមានផ្ទៃពោះ និងសូមទេព្តាឆ្នាំថ្មី សូមជួយបីបាច់ថែរក្សាដល់កងកម្លាំងទាំងអស់ ឲ្យជួបតែសេចក្តីសុខចម្រើន។ អំណោយដែលគណៈប្រតិភូបានឧបត្ថម្ភដល់កងវរសេនាតូចលេខ២ តំបន់ប្រតិបត្តិការសឹករងខេត្តស្ទឹងត្រែងរួមមាន ម៉ូតូចំនួន៣គ្រឿង និងថវិកា៤លានរៀលដល់កងវរសេនាតូចលេខ២ ហើយបាននាំយកសម្ភារៈប្រើប្រាស់គ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាចំនួន១០ម៉ឺនរៀលដល់ទាហ៊ានម្នាក់ៗ។