ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤

    563
    នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ក្រសួងកិច្ចការនារី បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅបន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។
    ក្នុងឱកាសនេះ សម្តេចធិបតី បានវាយតម្លៃខ្ពស់ និងកោតសរសើរ នូវការងារ និងសមិទ្ធិផលដែលសម្រេចបានរបស់ក្រសួងកិច្ចការនារី កន្លងមកនេះ។ សម្តេចក៏បានផ្តល់អនុសាសន៍គន្លឹះៗ ដូចខាងក្រោម៖
    ១. សូមលើកទឹកចិត្តឱ្យក្រសួងកិច្ចការនារី និង ក្រសួងស្ថាប័នពាក់ព័ន្ធបន្តវិនិយោគ លើស្រ្តី នៅក្នុងក្របខ័ណ្ឌគោលនយោបាយជាតិ និង តាមវិស័យជាប្រព័ន្ធ តាមរយៈការរៀបចំ ថវិកាឆ្លើយតបយេនឌ័រ និងការអភិវឌ្ឍធនធានមនុស្ស នៅក្នុងក្រសួងស្ថាប័ន ។
    ២. ស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន សូមបន្តកិច្ចសហការពង្រឹង និងពង្រីកវិធានការគាំទ្រដល់សហគ្រិនស្ត្រី ដែលដឹកនាំសហគ្រាសខ្នាតតូច និង មធ្យម, លើកកម្ពស់ បរិយាប័ន្នហិរញ្ញវត្ថុ សម្រាប់ស្ត្រី និង លើកកម្ពស់ការចូលរួមរបស់ស្ត្រី ក្នុងគ្រប់សកម្មភាពសេដ្ឋកិច្ច និងសង្គម។
    ៣. ក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវពង្រីកវិសាលភាពក្របខ័ណ្ឌជាតិគាំពារសង្គម និង សេវាថែទាំសុខភាពឆ្ពោះទៅរកការ គ្របដណ្តប់សុខភាពជាសកល (Universal Health Coverage) សំដៅធានាឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានសេវានេះដោយបរិយាប័ន្ន។
    ៤. ក្រសួងកិច្ចការនារី ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ផ្តោតការយកចិត្ត ទុកដាក់លើការដោះស្រាយគម្លាតយេនឌ័រក្នុងវិស័យឌីជីថល ជាពិសេសការបង្កើនការចូលរួម របស់ស្រ្តី និង ក្មេងស្រី នៅក្នុងវិស័យឌីជីថល, ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងការអប់រំ ចំណេះដឹង និង ជំនាញផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈច្នៃប្រឌិត និង គណិតវិទ្យា (STEAM) ដែលជាវិស័យមានប្រជាប្រិយភាពក្នុងសម័យឌីជីថល ។
    ៥. ដើម្បីលើកកម្ពស់តុល្យភាពជីវិត និង ការងារ (Work-Life Balance) ក្រសួងកិច្ចការនារីត្រូវយកចិត្តទុកដាក់ និងធ្វើការសិក្សា ដោយសហការជាមួយដៃគូរដ្ឋ និងឯកជន លើអត្ថប្រយោជន៍សង្គម ដែលទទួលស្គាល់ពីតម្លៃនៃការងារក្នុងផ្ទះ និងថែទាំសមាជិកគ្រួសារ ព្រមទាំង រៀបចំវិធានការចាំបាច់ ដើម្បីកាត់បន្ថយបន្ទុកលើការងាររបស់ស្ត្រី និងក្មេងស្រី និង ផ្ដល់ជម្រើស ក្នុងជីវិតរស់នៅកាន់តែច្រើនដល់ស្ត្រី ។
    ៦. ក្រសួងកិច្ចការនារី និងក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និង សុខដុមរមនានៅក្នុងគ្រួសារ តាមរយៈការពង្រឹងតួនាទីរបស់គណៈកម្មាធិការជាតិ លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និង គ្រួសារខ្មែរ ពង្រឹងការអនុវត្តផែនការសកម្មភាព ជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី និងកុមារ និង ចាត់វិធានការទប់ស្កាត់ និង កាត់ បន្ថយហានិភ័យនានា ដែលប៉ះពាល់ដល់សុវត្ថិភាព និង សេចក្ដីថ្លៃថ្នូររបស់ស្ត្រី និងក្មេងស្រី ។
    ៧. ក្រសួងកិច្ចការនារី និងបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តអនុវត្តកម្មវិធី និងវិធានការនានា ក្នុងការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី និង ក្មេងស្រីនៅគ្រប់កម្រិត និងគ្រប់វិស័យ ដើម្បីធានាថាប្រជាជនគ្រប់រូប ទាំងស្ត្រី និងបុរសមានសិទ្ធិ និងឱកាសពេញលេញ ក្នុងការទទួលបានជម្រើស និងភាពជាតំណាង ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមជាតិ ប្រកបដោយបរិយាប័ន្ន និងចីរភាព។
    ៨. ដើម្បីរក្សាភាពសុខដុមរមនានៅក្នុងក្រុមគ្រួសារ និងប្រសិទ្ធភាពការងារ ស្នើឱ្យ ក្រសួងមហាផ្ទៃ និង ក្រសួងកិច្ចការនារី ពិនិត្យលទ្ធភាព និង មានវិធានការគោលនយោបាយ សមស្រប ដែលអនុញ្ញាតឱ្យស្ត្រីជាអភិបាលរងនៃគណៈអភិបាលរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ បម្រើការងារមូលដ្ឋានដែលនៅជិតក្រុមគ្រួសាររបស់គាត់ ។
    ជាទីបញ្ចប់ សម្តេចធិបតី បានស្នើឱ្យក្រសួងកិច្ចការនារី បន្តដឹកនាំសម្របសម្រួល និងសហការជាមួយក្រសួងស្ថាប័ន និងដៃគូពាក់ព័ន្ធ ក្នុងការ បញ្ចូលនូវអាទិភាពទាំងនេះទៅក្នុងដំណើរការអភិវឌ្ឍ និងគោលនយោបាយជាតិស្ដីពីសមភាពយេនឌ័រ ផែនការយុទ្ធសាស្រ្តនារីរតនៈ និងក្របខណ្ឌគោលនយោបាយ និងកម្មវិធីតាមវិស័យស្របតាមរបៀបវារៈរបស់រាជរដ្ឋាភិបាល ដែលចាត់ទុកការលើកកម្ពស់សមភាពេយនឌ័រ ជាអភិក្រមអាទិភាពស្នូល និងអន្តរវិស័យ។