កិច្ចប្រជុំកំពូលស្ត្រីអាស៊ាន លើកទី២ ក្រោមប្រធានបទ «ការកសាងអនាគតប្រកបដោយចីរភាព បរិយាបន្ន និងកាន់តែរឹងមាំ៖ បំផុសសហគ្រិនភាពរបស់ស្ត្រី ក្នុងអាស៊ាន»

    42
    ភ្នំពេញ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ក្រសួង កិច្ចការនារី នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីពានរង្វាន់ សហគ្រិនស្រ្តីអាស៊ាន ដែលជាព្រឹត្តិការណ៍សំខាន់មួយអម នៃកិច្ចប្រជុំកំពូលស្ត្រីអាស៊ាន លើកទី២ ក្រោមប្រធានបទ «ការកសាងអនាគតប្រកបដោយចីរភាព បរិយាបន្ន និងកាន់តែរឹងមាំ៖ បំផុសសហគ្រិនភាពរបស់ស្ត្រី ក្នុងអាស៊ាន» ។ នៅក្នុងពិធីបើកកម្មវិធី លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តី ក្រសួងកិច្ចការនារី បានលើកឡើង ថាពានរង្វាន់ពិសេសអាស៊ាន នៃសហគ្រិនស្រ្តី នេះរៀបចំឡើងជាមួយផ្នែកនៃកិច្ចប្រជុំកំពូលស្រ្តីអាស៊ាន ដែល មានគោលបំណងដើម្បីគូសបញ្ជាក់អំពីសារសំខាន់នៃសហគ្រិនស្រ្តី ក្នុងការអភិវឌ្ឍ និងស្តារសេដ្ឋកិច្ចអាស៊ាន នៅគ្រប់កម្រិត។ កម្មវិធីនេះ ធ្វើឡើងដើម្បីបង្កើនការយល់ដឹងលើសមិទ្ធិផលនៃសហគ្រិនស្រ្តី ដែលមកពីគ្រប់ ប្រភេទនៃធុរកិច្ច និងពីគ្រប់មជ្ឈដ្ឋាននៅក្នុងបណ្តាប្រទេសអាស៊ាន ។ ដោយឆ្នាំ២០២២នេះ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ ក្រសួងកិច្ចការនារី បានរៀបចំកិច្ចប្រជុំកំពូលស្រ្តីអាស៊ាន លើកទី២ ដោយផ្តោតលើប្រធានបទសហគ្រិនស្រ្តីអាស៊ាន ដូចនេះពានរង្វាន់ពិសេសនេះ គឺជាការធ្វើ ឱ្យមានកំណត់ត្រាប្រវត្តិសាស្រ្តរបស់អាស៊ាន។
    សូមបញ្ជាក់ផងដែរ, តាមរយៈកិច្ចសហការនិងគាំទ្រពីបណ្តាញសហគ្រិនស្ត្រីកម្ពុជា, បណ្តាញសហគ្រិនស្រ្តីអាស៊ាន និងក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន នៅតាមបណ្តាប្រទេសនីមួយៗក្នុងអាស៊ាន បានរៀបចំនិងជ្រើសរើសស្រ្តីឆ្នើមដើម្បីចូលរួមក្នុងកម្មវិធីពានរង្វាន់នេះ ។ ជាលទ្ធផល សហគ្រិនស្រ្តីនៅក្នុងបណ្តាប្រទេសនីមួយៗ បានជ្រើសរើសចំនួន៣៨រូប ដែលទទួលបានពានរង្វាន់ពិសេសអាស៊ាននេះ។
    ព្រឹត្តិការណ៍នេះ ក៏មានចូលរួមពីបណ្តាតំណាងកិច្ចប្រជុំរដ្ឋមន្រ្តីកិច្ចការនារីអាស៊ាន, គណៈកម្មាធិការអាស៊ានស្តីពីស្រ្តី បណ្តាញសហគ្រិនស្រ្តីអាស៊ាន, ក្លឹបសហគ្រិនស្រ្តីវ័យក្មេងវ័យក្មេងអាស៊ាន, តំណាងស្ថានទូតកាណាដា, និងបណ្តាប្រទេសអាស៊ាន អគ្គលេខាធិការដ្ឋានអាស៊ាន តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនៅកម្ពុជា វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ចំនួនប្រមាណ២០០រូប ចូលរួមដោយផ្ទាល់នៅភ្នំពេញ និងប្រមាណ៥០រូប តាមប្រព័ន្ធវីដេអូអនឡាញ ។