កម្ពុជា​បាត់បង់​ជាង​២០០​លាន​ដុល្លារ​ដោយ​សារ​អំពើ​ហិង្សា​លើ​កុមារ

    62

    មាន​ការ​បាត់បង់​ថវិកា​ចំនួន​១៦៨​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​២០១៣​ ដោយ​សារ​តែ​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ផ្នែក​សុខភាព​ ដែល​បង្ក​ឡើង​ដោយ​អំពើ​ហិង្សា​លើ​កុមារ។

    អំពើ ​ហិង្សា​លើ​កុមារ​នៅ​តែ​ជា​បញ្ហា​ដែលនាំ​ឲ្យមានការខាតបង់ខាងសេដ្ឋកិច្ច និងសុខាភិបាល​យ៉ាងធ្ងន់ធ្ងរ​សម្រាប់​ប្រទេស​កម្ពុជា​។​ យោង​តាមរបាយការណ៍​របស់​អង្គការ​យូនីសេហ្វ​ក្នុងឆ្នាំ២០១៣បាន​ឲ្យដឹង​ថា ​៥០​ភាគរយ​នៃ​កុមារ​កម្ពុជា​ធ្លាប់​ទទួល​រង​អំពើ​ហិង្សា​លើ​ផ្លូវកាយ ​ផ្លូវចិត្ត​និង​ផ្លូវភេទ។​ ហើយ​វា​ក៏​ជះ​ឥទ្ធិពល​ជាអវិជ្ជមាន​យូរអង្វែង​ដល់​ប្រទេស​ទាំងមូលខាងសុខភាព​នឹងសេដ្ឋ​កិច្ច។

    យ៉ាង ​ហោច​ណាស់​ មាន​ការ​បាត់បង់​ថវិកា​ចំនួន​១៦៨​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​ ២០១៣​ ដោយ​សារ​តែ​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ផ្នែក​សុខភាព​ ដែល​បង្ក​ឡើង​ដោយ​អំពើ​ហិង្សា​លើ​កុមារ។ នេះ​បើ​យោង​ទៅ​តាម​របាយការណ៍​របស់​អង្គការ​យូនីសេហ្វ​ (UNICEF) ក្នុង​ឆ្នាំ២០១៣។​

    បន្ថែម​ពី​លើ​នោះ​ទៀត​ ទឹក​ប្រាក់​ចំនួន​ច្រើន​ជាង​៨៣​លាន​ដុល្លារ​ត្រូវ​បាន​បាត់បង់ ​ដោយ​សារ​មនុស្ស​ជា​ច្រើន​បាត់​បង់​ផលិត​ភាព ​ដែល​បណ្តាល​មក​ពី​ការ​ទទួល​រង​អំពើ​ហិង្សា​កាល​ពី​ពួកគេ​នៅ​ជា​កុមារ។

    នេះ ​ជា​លើក​ដំបូង​ហើយ​ដែល​អង្គការ​យូនីសេហ្វ​បាន​ចេញ​របាយការណ៍​វាយ​តម្លៃ​ការ​ ខាត​បង់​ជា​ទឹកប្រាក់​បណ្តាល​មក​ពី​អំពើ​ហិង្សា​លើ​កុមារ​នៅ​ប្រទេស​ កម្ពុជា។ ការ​វាយ​តម្លៃ​អំពី​ការ​ខាតបង់​ជា​ទឹក​ប្រាក់​នេះ​ធ្វើ​ឡើង​ ដោយ​យោង​តាម​របាយការណ៍​ដែល​អង្គការ​នេះ​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ទៅ​លើ​ បញ្ហា​អំពើ​ហិង្សាលើ​កុមារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៣។ ​

    លោក ​ស្រី​ ដេបូរ៉ា​កូមីនី​ នាយិកា​អង្គការ​យូនីសេហ្វ​ប្រចាំ​ប្រទេស​កម្ពុជា​ បាន​និយាយ​ថា​ អំពើ​ហិង្សា​លើ​កុមារ​ដែល​ជា​ការ​រំលោភ​សិទ្ធិ​កុមារ​នោះ ​នៅ​តែ​ជា​បញ្ហា​កើត​មាន​ក្នុង​ពិភព​លោក។​

    «អំពើ​ហិង្សា​ទៅ​លើ​ក្មេង​ ស្រី​ និង​ក្មេង​ប្រុស​ជា​បញ្ហា​នៅ​ក្នុង​ប្រទេស​ទាំង​អស់។ នៅ​ទូទាំង​សកល​លោក​មាន​កុមារ​ប្រមាណ​ជិត​មួយ​កោដិ​នាក់​ក្លាយ​ជា​កម្មវត្ថុ​ ក្នុង​ការ​ធ្វើ​ទារុណកម្ម»។

    លោក​ស្រី​មាន​ប្រសាសន៍​ថា ​មាន​ក្មេង​ស្រី​ជិត​៧០​លាន​នាក់​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា ​ជា​ជន​រងគ្រោះ​ដោយ​អំពើ​ហិង្សា​លើ​រាងកាយ​នៅ​ក្នុង​ទម្រង់​ផ្សេងៗ។ ខណៈ​ពេល​ដែល​កុមារី​ប្រហែល​១២០​លាន​នាក់​ជា​កម្មវត្ថុ​នៃ​ការ​បង្ខំ​ឱ្យ​ ធ្វើ​សកម្មភាព​ផ្លូវ​ភេទ​ផ្សេងៗ​នោះ កុមារា​ក៏​បាន​ប្រឈម​បញ្ហា​នេះ​ដែរ ហើយ​ពួក​គេ​ទទួល​រង​ការ​ឈឺចាប់​ដោយ​អំពើ​ហិង្សា​រាងកាយ ​ផ្លូវភេទ ​និង​ផ្លូវចិត្ត។ ​

    «អំពើ​ហិង្សា​លើ​កុមារ​កើត​មាន​នៅ​គ្រប់​ទី​ កន្លែង ​ប៉ុន្តែ​មនុស្ស​ព្រងើយ​កន្តើយ​ទៅ​លើ​បញ្ហា​នេះ។​ អំពើ​ហិង្សា​លើ​កុមារ​ជា​ញឹកញយ​ត្រូវ​បាន​បិទបាំង ​ហើយ​គេ​មើល​មិន​ឃើញ។​ ប៉ុន្តែ​គេ​អាច​ការពារ​មិន​ឱ្យ​មាន​អំពើ​ហិង្សា​លើ​កុមារ​ នៅ​ពេល​ដែល​មនុស្ស​រួបរួម​គ្នា ​ហើយ​និយាយ​ថា​ អំពើ​ហិង្សា​លើ​កុមារ​គឺ​មិន​អាច​ទទួល​យក​បាន​ ​នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​អ្វី​ដែល​គេ​មើល​មិន​ឃើញ​ឱ្យ​ទៅ​ជា​មើល​ឃើញ និងនៅ​ពេល​ដែល​ពួកគេ​ធ្វើ​ការ​ស្រាវជ្រាវ​ដ៏​ល្អ​ ដូច​ជា​អ្វី​ដែល​អ្នក​ធ្វើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​ដូច​ករណី​ដែល​យើង​ បង្ហាញ​នៅ​ថ្ងៃ​នេះ»។

    សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​យូនីសេហ្វ ​បាន​ឲ្យ​ដឹង​ថា​ ការ​អង្កេត​នេះ​ធ្វើ​ឡើង​ដើម្បី​ឱ្យ​មាន​កិច្ច​សហការ​រវាង​អ្នក​តាក់តែង​គោល ​នយោបាយ​ មន្ត្រីរាជ​រដ្ឋាភិបាល អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​ដៃគូ​អភិវឌ្ឍន៍​ប្រទេស​នានា ​ដើម្បី​ការ​ពារ​កុំ​ឱ្យ​មាន​ការ​អំពើ​ហិង្សា ​ឬ​ការ​រំលោភ​បំពាន​ណាមួយ​ទៅ​លើ​កុមារ ​ដែល​ជា​អនាគត​របស់​ប្រទេស​ជាតិ។​

    ការ ​សិក្សា​បាន​បង្ហាញ​ថា​ មាន​កុមារ​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​បាន​ទទួល​រង​អំពើ​ហិង្សា​លើ​ផ្លូវ​ កាយ​ បង្ក​ឡើង​ដោយ​ឪពុក​ ឬ​ម្តាយ ​ឬ​មនុស្ស​ពេញ​វ័យ​ជា​សាច់ញាតិ​ គ្រូ ​មិត្តភក្តិ ​ឬ​សមាជិក​សហគមន៍។ ក្រៅ​ពី​នេះ​មាន​កុមារ​ម្នាក់​ក្នុង​ចំណោម​បួន​នាក់​បាន​ទទួល​រង​ការ​រំលោភ​ បំពាន​ផ្លូវ​ចិត្ត។

    លោក​ស្រី​ អឹុង កន្ថាផាវី​ រដ្ឋ​មន្ត្រី​ក្រសួង​កិច្ចការ​នារី​ បាន​មាន​ប្រសាសន៍​ថា​ ជាង​ពាក់​កណ្តាល​នៃ​កុមារ​កម្ពុជា​បាន​ទទួល​រង​អំពើ​ហិង្សា។​

    ជាង​៥០​ ភាគរយ​នៃ​កុមារ​នៅ​កម្ពុជា​ធ្លាប់​ទទួល​រង​នូវ​អំពើ​ហិង្សា​លើ​រាងកាយ​ផ្លូវ ​ចិត្ត​ និង​ផ្លូវ​ភេទ​ថែម​ទៀត​ ពេល​កុមារ​ភាព។ ក្នុង​ពេល​កុមារភាព​ ពួកគេ​បាន​ទទួល​រង​បញ្ហា​ទាំង​អស់​នេះ។

    ការ​រំលោភ​បំពាន​នេះ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​បាន​ខាតបង់​ជា​ទឹក​ប្រាក់​ផ្នែក​សុខភាព។

    លោក ​ស្រី​ដេបូរ៉ា​ កូមីនី​ នៃ​យូនីសេហ្វ​ បាន​មាន​ប្រសាសន៍​ថា ​កង្វះ​ការ​យល់​ដឹងអំ​ពី​ការ​ប៉ះពាល់​ជា​អវិជ្ជមាន​ដោយសារ​ការ​ប្រព្រឹត្តិ​ អំពើ​ហិង្សា​លើ​កុមារ​ និង​ការ​បន្ត​ប្រព្រឹត្ត​អំពើ​ហិង្សា​នេះ​ត​គ្នា​គឺ​ជា​កត្តា​ចម្បង​ ដែល​នាំ​ឱ្យ​មាន​អំពើ​ហិង្សា​លើ​កុមារ។​

    «ខ្ញុំ​ជឿ​ថា ​កង្វះ​ការ​យល់​ដឹង​អំពី​ផល​វិបាក​នៃ​អំពើ​ហិង្សា​គឺជា​ករណី​ដែល​មនុស្ស​ពេញ ​វ័យ​យល់​ខុស​អំពី​វិធី​ក្នុង​ការ​អប់រំ​កូន។ យើង​ជឿ​ថា​ ការ​អប់រំ​ជា​វិជ្ជមាន​ ការ​អប់រំ​បែបស្ថាបនា​គឺ​ជា​វិធី​ល្អ​ក្នុង​ការ​អប់រំ​កុមារ។ ការ​អប់រំ​ដោយ​អំពើ​ហិង្សា​មិន​មាន​ប្រសិទ្ធភាព​ទេ»។

    លោក​ស្រី ដេបូរ៉ា​ កូមីនី​ បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​គិត​ថា​ ដំបូង​គឺ​ឪពុក​ម្តាយ​ដែល​មាន​ភាព​ហិង្សា​ត្រូវ​យល់​ថា ​បញ្ហានេះ​ចេញ​មក​ពី​ណា។​ ក្នុង​ករណី​ជា​ច្រើន​វា​កើត​មក​ពី​ពួក​គេ​ ដែល​ពួក​គេ​ធ្លាប់​ជាជន​រង​គ្រោះ​នៃ​អំពើ​ហិង្សា»។​

    លោក​ស្រី​ ដេបូរ៉ា​ កូមីនី​ បាន​បញ្ជាក់​ថា ​ការ​រក​ឃើញ​នេះ​គ្រាន់​តែ​ជា​ចំណែក​តូច​មួយ​ប៉ុណ្ណោះ​ ដោយ​សារ​តែ​ការ​ស្រាវជ្រាវ​នេះ​បាន​ពិនិត្យ​ និង​វិភាគ​លើ​ផលវិបាក​លើ​ផ្នែក​សុខភាព​មួយ​ចំនួន​តែប៉ុណ្ណោះ​ ដែល​កើត​ចេញ​ពី​អំពើ​ហិង្សា​លើ​កុមារ។ ​នេះ​មាន​ន័យ​ថា​ ការ​ខាតបង់​ចំពោះ​សង្គម​ជា​រៀងរាល់​ឆ្នាំ​មាន​កម្រិត​ខ្ពស់​ជាង​នេះ។

    លោក ​ស្រី​បាន​បន្ថែម​ថា​ អំពើ​ហិង្សា​លើ​កុមារ ​ទោះ​ជា​កើត​មាន​នៅ​ពេល​ណា​ ឬ​ទី​កន្លែង​ណា​ក៏​ដោយ​ វា​ជា​ការ​រំលោភ​បំពាន​លើ​សិទ្ធិ​ជា​មូលដ្ខាន​របស់​កុមារ។​ ការ​សិក្សា​នេះ​បាន​បញ្ជាក់​ថា​ អំពើ​ហិង្សា​លើ​កុមារ​មិន​ត្រឹមតែ​ប៉ះពាល់​លើ​កុមារ​ប៉ុណ្ណោះ​ទេ​ តែ​វា​ជះ​ឥទ្ធិពល​អវិជ្ជមាន​យូរ​អង្វែង​ដល់​ប្រទេស​ទាំង​មូល​ផង​ដែរ។​

    លោក ​ស្រី អឹុង​ កន្ថាផាវី​ បាន​អំពាវនាវ​ឱ្យ​អ្នក​ពាក់ព័ន្ធ​ទាំង​អស់​ចូលរួម​ ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​លើ​កុមារ។​ រីឯ​លោក​ស្រី ដេបូរ៉ា​ កូមីនី ​អំពាវនាវ​ឱ្យ​ឪពុក​ម្តាយ​យល់​អំពី​ផល​ប៉ះពាល់​ផ្សេង​ៗ​ដែល​កើត​ឡើង​ពី​ការ​ ប្រៀនប្រដៅ​កូន​ដោយ​ប្រើ​អំពើ​ហិង្សា៕

    ប្រភព: VOA