ផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ២០១៩-២០២៣

    323

    ផែនការជាតិនេះត្រូវបានចាប់ផ្តើមរៀបចំចាប់តាំងពីខែធ្នូ ឆ្នាំ២០១៨ ដោយផ្អែកលើបទពិសោធន៍មេរៀននិងឧត្តមានុវត្តដែលទទួលបានពីការអនុវត្តផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី លើកទី២ (២០១៤-២០១៨) ឯកសារស្តីពីការវាយតម្លៃពាក់កណ្តាលអាណត្តិនៃការអនុវត្តផែនការសកម្មភាពជាតិលើកទី២នេះ រួមទាំងការសំយោគលទ្ធផលដែលបានមកពីការវិភាគលើឯកសារគោលនយោបាយ លិខិតូបករណ៍ ការសិក្សាស្រាវជ្រាវទាំងកម្រិតថ្នាក់ជាតិនិងអន្តរជាតិ កិច្ចប្រជុំពិគ្រោះយោបល់ កិច្ចសម្ភាសន៍ជាមួយអ្នកពាក់ព័ន្ធ ជាពិសេស កិច្ចសម្ភាសន៍ដោយផ្ទាល់ជាមួយស្រ្តីក្រុមគោលដៅនៅថ្នាក់ក្រោមជាតិក្នុងខេត្តចំនួន៧ (រួមមានខេត្តសៀមរាប កំពង់ស្ពឺ កំពង់ចាម បាត់ដំបង ស្វាយរៀង កោះកុង និងខេត្តរតនគិរី) ដើម្បីប្រមូលធាតុចូលដែលមានមូលដ្ឋានត្រឹមត្រូវ ដែលធ្វើឱ្យផែនការជាតិនេះកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ។ ព្រមទាំងបានដាក់ឆ្លងកិច្ចប្រជុំពិគ្រោះយោបល់ចំនួន៧លើក ក្នុងនោះកិច្ចប្រជុំពិគ្រោះយោបល់ចំនួន៣លើក ត្រូវបានធ្វើឡើងក្នុងកម្រិតក្រុមការងារឆ្លើយតបនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដែលក្រុមការងារនេះមានសមាសភាពមកពី ១៦ក្រសួង ស្ថាប័ន ៤ដៃគូអភិវឌ្ឍ និង៣០អង្គការសង្គម   ស៊ីវិល និងកិច្ចប្រជុំពិគ្រោះយោបល់ចំនួន៤លើកថែមទៀតដែលចូលរួមដោយរដ្ឋលេខាធិការដែលមានសិទ្ធិសម្រេចពីគ្រប់ក្រសួង ស្ថាប័នទាំងអស់ និងក្រុមប្រឹក្សាអ្នកច្បាប់ និងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម និងវប្បធម៌ និងអ្នកពាក់ព័ន្ធសំខាន់ៗមួយចំនួនទៀត។

    ផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី ២០១៩-២០២៣ ទទួលបានការអនុម័តនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០។ ផែនការនេះបានផ្តល់ អភិក្រមនិងមូលដ្ឋានច្បាស់លាស់ដើម្បីលើកកម្ពស់ការបង្កើនកិច្ចអន្តរាគមន៍បង្ការទប់ស្កាត់ ការបង្កើនការឆ្លើយតប ការបង្កើនការទទួលបានសេវាប្រកបដោយគុណភាព និងប្រសិទ្ធភាពនៃការសម្របសម្រួលពហុវិស័យនិងកិច្ចសហការ ដោយក្នុងនោះយុទ្ធសាស្រ្តសំខាន់ៗចំនួន៤ ដែលបានដាក់ចេញរួមមាន៖

    ទី១- ការបង្ការទប់ស្កាត់

    ទី២- កិច្ចការពារផ្លូវច្បាប់ និងសេវាពហុវិស័យ

    ទី៣- ការបង្កើតនិងការអនុវត្តច្បាប់ និងគោលនយោបាយ

    ទី៤- ការតាមដានត្រួតពិនិត្យ និងការវាយតម្លៃ (តាមរយៈការបង្កើតប្រព័ន្ធប្រមូលទិន្នន័យជាក់លាក់មួយ ដើម្បីតាមដានត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ២០១៩-២០២៣)

    ផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ២០១៩-២០២៣ ដែលមាន ៤យុទ្ធសាស្រ្ត ១២យុទ្ធសាស្រ្តរង ៨៨លទ្ធផលរំពឹងទុក ១៣១សូចនាករ គឺជាផែនទីតម្រង់ទិសសម្រាប់ក្រសួង ស្ថាប័ន ប្រតិបត្តិករនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិល វិស័យឯកជន ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការអនុវត្តការងារបង្ការទប់ស្កាត់ ឆ្លើយតប និងដោះស្រាយអំពើហិង្សាលើស្ត្រីនិងក្មេងស្រីឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ក្នុងគោលបំណងឆ្ពោះទៅកាត់បន្ថយរាល់ទម្រង់នៃអំពើហិង្សាលើស្រ្តីនិងក្មេងស្រី ដើម្បីលើកកម្ពស់សមធម៌និងបរិយាបន្នសង្គម ស្របនឹងទិសស្លោកនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ”មិនទុកនរណាម្នាក់ចោល ” ។

    លោកជំទាវ ឯកឧត្តម លោក លោកស្រី អាចទាញយក រូបភាព និងអាចទស្សនាកិច្ចពិភាក្សាតុមូល ក្នុងពិធីនេះ។

    Download (PDF, 38.17MB)