សិក្ខាសាលាបញ្ចប់គម្រោង “ការបញ្ជ្រាបភាពធន់នឹងការប្រែប្រួលអាកាសធាតុទៅក្នុងផែនការអភិវឌ្ឍន៍ (TA 8179) កញ្ចប់ C” និងការប្រកាសផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផែនការមេស្តីពី យេនឌ័រ និងការប្រែប្រួលអាកាសធាតុ

    9

    លោកជំទាវវេជ្ជ. អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអញ្ជើញចូលរួមជាប្រធានគណៈធិបតីក្នុង សិក្ខាសាលាបញ្ចប់គម្រោង “ការបញ្ជ្រាបភាពធន់នឹងការប្រែប្រួលអាកាសធាតុទៅក្នុងផែនការអភិវឌ្ឍន៍ (TA 8179) កញ្ចប់ C” និងការប្រកាសផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផែនការមេស្តីពី យេនឌ័រ និងការប្រែប្រួលអាកាសធាតុ កាលពីថ្ងៃព្រហសត្បិ៍ ៨រោច ខែភទ្របទ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១០  ខែកញ្ញា ឆ្នាំ ២០២០ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ ។

    សិក្ខាសាលានេះមានគោលបំណង៖

    ១) ដើម្បីផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការមេស្តីពីយេនឌ័រ និងការប្រែប្រួលអាកាសធាតុឆ្នាំ២០១៨-២០៣០ ។

    ២) ដើម្បីផ្សព្វផ្សាយលទ្ធផល និងផលិតផលចំណេះដឹងដែលផលិតដោយក្រសួងកិច្ចការនារី ។

    លោកជំទាវរដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះ ក្រសួងបរិស្ថានដែលជាស្ថាប័នប្រតិបត្តិក្នុងការជួយសម្របសម្រួលការងារបម្រែបម្រួលអាកាសធាតុជាមួយក្រសួងកិច្ចការនារី និងដៃគូអភិវឌ្ឍសំខាន់ៗ រួមមាន មូលនិធិអភិវឌ្ឍន៍ (NORDIC) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)  ដែលបានគាំទ្រជាធនធានថវិកានិងបច្ចេកទេស ក្នុងការអនុវត្តផែនការសកម្មភាពក្នុងរយៈពេល០៣ឆ្នាំកន្លងមកនេះ។ លោកជំទាវរដ្ឋមន្រ្តីក៏បាន ធ្វើការកោតសរសើរដល់គណៈកម្មាធិការដឹកនាំ និងសម្របសម្រួលការងារ យេនឌ័រ និងការប្រែប្រួលអាកាសធាតុ ក្រសួងកិច្ចការនារី (GCCC) សម្ព័ន្ធភាពនៃអង្គការ UN Habitat អង្គការ Forum Syd និងអង្គការ Save The Earth Cambodia សម្រាប់ការផ្តល់ការប្រឹក្សាបច្ចេកទេសក្នុងការអនុវត្តគម្រោងរយៈពេល ៣ ឆ្នាំកន្លងមកនេះ ។