លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដឹកនាំប្រតិភូក្រសួងកិច្ចការនារីចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ១០ឆ្នាំ

26

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី បានដឹកនាំគណៈប្រតិភូក្រសួងកិច្ចការនារីអញ្ជើញចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ១០ឆ្នាំ នៅវិមានព្រះបរមរូប ស្ថិតនៅមណ្ឌលសួនច្បារខាងកើតវិមានឯករាជ្យ ដែលនេះជាការបង្ហាញនូវភក្តីភាព ការគោរពស្រឡាញ់ និងតបស្នងនូវគុណូបការៈដ៏ធំធេងរបស់អង្គព្រះមហាវីរក្សត្រ ព្រះវររាជ បិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។

នៅក្នុងឱកាសដ៏ក្រៀមក្រំនេះ លោកជំទាវ និងគណប្រតិភូទាំងអស់ បានសម្តែងនូវអារម្មណ៍វិបយោគដ៏ជ្រាលជ្រៅ និងសោកស្តាយអាឡោះអាល័យជាទីបំផុត ចំពោះការយាងចូលទិវង្គតរបស់ សម្តេចតា សម្តេចតាទួត ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ និងបង្រួបបង្រួមជាតិខ្មែរ ដែលព្រះអង្គទ្រង់បានសាងស្នា ព្រះហស្តឧត្តុង្គឧត្តមជាច្រើន ក្នុងការដឹកនាំជាតិ ទទួលបានការរីកចម្រើនស្ទើរគ្រប់វិស័យ។

លោកជំទាវ និងគណប្រតិភូ បានបួងសួង និងឧទ្ទិសសូមឱ្យព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្តម សីហនុ ស្តេចយាងទៅសោយសុខក្នុងព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

តាងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃក្រសួងកិច្ចការនារី លោកជំទាវរដ្ឋមន្ត្រី នឹងចងចាំជានិច្ចនូវរាល់ស្នាព្រះហស្ថ ព្រះរាជបូជនីយកិច្ច និងគុណូបការៈដ៏ធំធេងរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ដើម្បីបូរណភាពទឹកដីកម្ពុជា។