នារសៀលថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ នៅទីស្តីការក្រសួងកិច្ចការនារី លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ដឹកនាំក្រុមការងារក្រសួង ទទួលជួបពិភាក្សាការងារជាមួយប្រធានអង្គការការពារជំងឺទឹកនោមផ្អែម និងជំងឺមហារីក សរុបចំនួន ៦នាក់ (ស្រ្តី៣នាក់) ក្នុងគោលបំណងពិនិត្យមើ់លលទ្ធភាពកិច្ចសហការជាដៃគូ ដើម្បីផ្តល់សារអប់រំឱ្យប្រជាជនកម្ពុជារស់នៅមានសុខភាពល្អ និងជៀសវាងពីផលវិបាកនៃជំងឺទឹកនោមផ្អែម និងជំងឺមហារីក ជាពិសេសលើស្រ្តី និងកុមារ។
នាយកប្រតិបត្តិអង្គការ លោកបណ្ឌិត ឃុន សុគ្រីន និងឯកឧត្តមសាស្ត្រាចារ្យមហាបរិញ្ញា ហោ ប៊ុនឡេង ទីប្រឹក្សាជាន់ខ្ពស់ បានរៀបរាប់សង្ខេបពីគោលបំណងរបស់អង្គការការពារជំងឺទឹកនោមផ្អែម និងជំងឺមហារីក ក្នុងការផ្តល់សារអប់រំសុខភាពស្តីពីជំងឺទឹកនោមផ្អែម និងជំងឺមហារីក លើកទឹកចិត្តប្រជាពលរដ្ឋក្នុងការធ្វើតេស្ត ពិនិត្យសុខភាព ផ្លាស់ប្តូរឥរិយាបទរបៀបរស់នៅ និងប្រាប់ពីសេវាព្យាបាល រួមទាំងធ្វើការស្រាវជ្រាវ និងផ្សព្វផ្សាយអំពីជំងឺទឹកនោមផ្អែម និងជំងឺមហារីក។
លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី បានលើកឡើងពីកិច្ចគាំទ្រចំពោះការងាររបស់អង្គការ និងក៏បានលើកផងដែរពីក្តីបារម្ភចំពោះជំងឺមិនឆ្លងនេះ ដែលក្រសួងកិច្ចការនារីបានគិតគូរតាំងពីយូរមកហើយដែរ ជាពិសេសគឺតួលេខស្រ្តីបានស្លាប់ដោយជំងឺមិនឆ្លងច្រើនជាងបុរស ។ កន្លងមកក្រសួងកិច្ចការនារីបានអនុវត្តការងារអប់រំផ្សព្វផ្សាយផ្តល់សារដល់ប្រជាជនតាមរយៈការចុះអប់រំនៅសហគមន៍ក្នុងការបង្ការប្រជាជនមិនឲ្យមានជំងឺមិនឆ្លងកាន់តែច្រើនឡើង និងសម្រាលភាពធ្ងន់ធ្ងររបស់អ្នកជំងឺមិនឆ្លង មិនឲ្យធ្លាក់ខ្លួនជាជនមានពិការភាព និងឆាប់ស្លាប់។ ដូចយើងបានជ្រាបហើយថា ៨០% នៃជំងឺមិនឆ្លងអាចការពារបាន បើសិនជាមានអន្តាគមន៍ដ៏មានប្រសិទ្ធភាពខ្ពស់ជាច្រើន សូម្បីតែអ្នកជំងឺដែលមានជំងឺមិនឆ្លងរួចទៅហើយ ក៏អាចរក្សាសុខភាពល្អជាធម្មតាជាមួយសមាជិកគ្រួសារ និងសង្គមដែលមានផលិតភាពតាមរយៈការរួមបញ្ចូលគ្នានូវការថែទាំសុខភាពបឋម ការគ្រប់គ្រងខ្លួនឯង ដោយកាត់បន្ថយកត្តាហានិភ័យនៃជំងឺមិនឆ្លងដូចជាកុំប្រើប្រាស់គ្រឿងស្រវឹង ថ្នាំជក់ កាត់បន្ថយការប្រើប្រាស់អំបិល និងជាតិខ្លាញ់ក្នុងអាហារ និងការធ្វើលំហាត់ប្រាណជាប្រចាំ និងទៀងទាត់ជាដើម។
លោកជំទាវកិត្តិបណ្ឌិត បានលើកឡើងពីពិនិត្យលទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការមានដូចខាងក្រោម៖
ទី១ : រៀបចំអោយមានការចុះអនុស្សារណៈយោគយល់រវាងក្រសួងកិច្ចការនារី និងអង្គការការពារជំងឺ
ទឹកនោមផ្អែម និងជំងឺមហារីក។
ទី២ : គាំទ្រសកម្មភាពរបស់អង្គការក្នុងការផ្តល់ជាទីប្រឹក្សាបច្ចេកទេស ដល់ក្រុមការងារនាយកដ្ឋានស្រ្តី
និងសុខភាព និងធ្វើការអប់រំផ្សព្វផ្សាយផ្តល់សារដល់ប្រជាជនកម្ពុជាពីជំងឺទឹកនោមផ្អែម និងជំងឺ
មហារីក និងបញ្ចូលអាហារូបត្ថម្ភផងដែរ។
ទី៣ : ស្នើសុំនាយិកាអង្គការរៀបចំគម្រោង និងជួយរកម្ចាស់ជំនួយ ដៃគូអភិវឌ្ឍ ក្នុងការអនុវត្តការងារ
បង្ការ និងជំងឺមិនឆ្លង។