កម្មវិធីផ្សព្វផ្សាយរបាយការណ៍ជាតិការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២១ និងទិសដៅបន្តឆ្នាំ២០២២

9
លោកជំទាវកិត្តិបណ្ឌិត រដ្ឋមន្រ្តីក្រសួងកិច្ចការនារី អនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) និងជាប្រធានក្រុមការងារសហប្រតិបត្តិការអន្តរជាតិ នៃ គ.ជ.ប.ជ បានចូលរួមកម្មវិធីផ្សព្វផ្សាយរបាយការណ៍ជាតិការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២១ និងទិសដៅបន្តឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ នាក្នុងឱកាសនោះ សម្តេចក្រឡាហោម បានថ្លែងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងកន្លងមករបស់ក្រុមការងារនៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចសហការយ៉ាងល្អជាមួយអង្គការដៃគូរជាតិ និងអន្តរជាតិ ទោះបីក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។ សម្តេចក្រឡាហោម ក៏បានផ្តាំផ្ញើឲ្យក្រុមការងារទាំងអស់ប្រឹងប្រែងក្នុងការបំពេញភារកិច្ចតាមផ្នែកនៃក្រុមការងារនីមួយៗដើម្បីឲ្យកម្ពុជាទទួលបានកេរ្តិ៍ឈ្មោះល្អក្នុងឆាកអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សផងដែរ។ ជាកិច្ចបញ្ចប់នៃកម្មវិធីមានការប្រគល់បណ្ណសរសើរដល់ប្រធានក្រុមការងារទាំង៦ និងតំណាង នៃគណៈកម្មាធិការជាតិ រាជធានី-ខេត្តគម្រូ តំណាងអង្គការជាដៃគូ ដែលកន្លងមកដែលមានស្នាដៃល្អបានចូលរួមក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនាពេលកន្លងមក។