កាលពីថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំទាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច បានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២ របស់ក្រសួងកិច្ចការនារី ។
នៅក្នុងពិធីបិទ, លោកជំទាវ កិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានរាយការណ៍ដោយសង្ខេបជូនលោកជំទាវកិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្ត្រី និងអង្គពិធី អំពីលទ្ធផលនៃសន្និបាតដែលបានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ។
នៅក្នុងប្រសាសន៍សំណេះសំណាលនិងសុន្ទរកថាបិទ, លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើងថា លោកជំទាវពិតជាមានសេចក្តីសោមនស្សរីករាយ ដោយឃើញលទ្ធផលការងារដែលអនុវត្តដោយក្រសួងកិច្ចការនារី ជាផ្លែផ្កានៅតែបន្ត និងដោយមានកិច្ចសហការជាមួយក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធនានា បើទោះបីជានៅឆ្នាំ២០២០-២០២១កន្លងមក ជំងឺកូវីដ-១៩ នៅបន្តរីករាលដាលនៅកម្ពុជា ក៏ដូចជាជាសកល ប៉ុន្តែយើងនៅតែរក្សាបាននូវនិរន្តភាពនៃការអនុវត្តការងាររបស់យើង ជាពិសេសការផ្តល់សេវាឆ្លើយតបពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ តាមអនឡាញ និង ការផ្លាស់ប្តូររបៀបធ្វើការងារតាមបែបគន្លងថ្មី។ លោកជំទាវក៏បានស្នើឱ្យក្រសួងកិច្ចការនារីបន្តការពង្រឹង និងពង្រីកកិច្ចសហការដ៏ល្អប្រពៃជាបន្តទៀតជាមួយដៃគូអភិវឌ្ឍន៍នានា ក្នុងការអនុវត្តសកម្មភាពរបស់ក្រសួង ទៅតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ ដើម្បីបង្កើតសមិទ្ធផលថ្មីៗថែមទៀត។
នៅក្នុងទិសដៅបន្ត អង្គសន្និបាតក៏បានកំណត់អំពីការងារអាទិភាពរបស់ក្រសួងនិងមន្ទីរកិច្ចការនារី ដែលនឹងបន្តផ្តោតយកចិត្តទុកដាក់លើការអភិវឌ្ឍស្ថាប័ន និងបន្តពង្រីកវិសាលភាពការអនុវត្តផែនការយុទ្ធសាស្រ្តនារីរតនៈទី៥ ដឹកនាំសម្រួបសម្រួលជាមួយក្រសួង-ស្ថាប័ន ក្នុងការអនុវត្ត ផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី និងការចូលរួមយ៉ាងសកម្ម នៅក្នុងក្របខ័ណ្ឌយុទ្ធសាស្រ្តនិងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ក្នុងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។