អង្គសន្និបាត បូកសរុបលទ្ធផលការងារកិច្ចការនារីឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២២

42
នៅថ្ងៃចន្ទ១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអញ្ជើញថ្លែងសុន្ទរកថាបើកក្នុងអង្គសន្និបាត បូកសរុបលទ្ធផលការងារកិច្ចការនារីឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២២ របស់ក្រសួងកិច្ចការនារី នៅសណ្ឋាគារភ្នំពេញ។
ជារៀងរាល់ឆ្នាំ ក្រសួងកិច្ចការនារីតែងតែរៀបចំសន្និបាតបូកសរុបការងារ និងលើកទិសដៅបន្តដោយបានប្រើប្រាស់ព្រឹត្តិការណ៍នេះ ក្នុងការឆ្លុះបញ្ជាំងនិងពិនិត្យមើលលើសមិទ្ធផលការងារសំខាន់ៗ រួមទាំងចំណុចខ្លាំង កាលានុវត្តភាពនានា បញ្ហាប្រឈម មេរៀនបទពិសោធន៍ ដើម្បីលើកទិសដៅបន្ត។
នៅក្នុងវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងទិដ្ឋភាពជាសកល មានការសិក្សាស្រាវជ្រាវនានាបានបង្ហាញថា កូវីដ-១៩មានផលប៉ះពាល់ជាអវិជ្ជមានមកលើស្រ្តីច្រើនជាងបុរសទាំងក្នុងផ្នែកសេដ្ឋកិច្ច និងផ្នែកសង្គម។
. ស្រ្តីជាមុខសញ្ញាចម្បងដែលអាចទទួលរងប៉ះពាល់មុខគេ ជាពិសេសសុខាភិបាលជួរមុខជាស្រ្តី។
. ស្រ្តីធ្វើការនៅក្នុងទីផ្សារពលកម្មដែលមិនសូវមានសុវត្ថិភាព ត្រូវរងផលប៉ះពាល់ផ្នែកសេដ្ខកិច្ចធ្ងន់ធ្ងរ។
. ស្រ្តីជិត៦០%នៅទូទាំងពិភពលោក កំពុងធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រពន្ធ័ ដែលងាយនឹងរងហានិភ័យខ្ពស់ក្នុងការធ្លាក់ចូលក្នុងភាពក្រីក្រ។
. ការងារថែទាំដែលមិនមានប្រាក់កម្រៃរបស់ស្រ្តីមានការកើនឡើង ដោយសារការបិទសាលារៀន និងការកើនឡើងនៃតម្រូវការរបស់មនុស្សវ័យចាស់។
ផ្អែកលើហេតុផលដែលបានលើកឡើងខាងលើ ក្រសួងកិច្ចការនារី ផ្តោតយកចិត្តទុកដាក់និងពិភាក្សាឧ៌្យបានស៉ីជម្រៅ និងដាក់ចេញនៅទិសដៅប្រកបដោយប្រាកដប្រជា ក្នុងការពន្លឿននិងពង្រីកវិសាលភាពការអនុវត្តផែនការយុទ្ធសាស្រ្តនារីរតនៈទី៥ឆ្នាំ២០២១-២០២៣ និងការចូលរួមយ៉ាងសកម្មនៅក្នុងក្របខណ្ឌនៃផែនការស្តារសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩ឆ្នាំ២០២១-២០២៣ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលដើម្បី «កំណើន ការងារ សមធម៌ និង ប្រសិទ្ធភាព» ក្នុងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេច ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។