លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងលោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅអគារសិក្សាចំនួន២ខ្នង មាន៦បន្ទប់ នៅសាលាបឋមសិក្សាពោធិសត្វ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ។ កម្មពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោកជំទាវ ឯកឧត្តមថ្នាក់ដឹកនាំក្រសួងកិច្ចការនារី លោកអភិបាលស្រុកកណ្តាលស្ទឹង លោកស្រីមេឃុំពោធិសត្វ មេភូមិតាឡឹក លោកគ្រូ អ្នកគ្រូ និងតំណាងមាតាបិតាសិស្ស និងសិស្សានុសិស្សនៃសាលាបឋមសិក្សាពោធិសត្វសរុបប្រមាណជាង១០០នាក់។ អគារសិក្សាចំនួន២ខ្នងនេះ ឧបត្ថម្ភគាំទ្រដោយរដ្ឋាភិបាលសាធារណរដ្ឋឥណ្ឌា តាមរយៈក្រសួងកិច្ចការនារី ក្រោម «គម្រោងឆាប់ទទួលបានផល (Quick Impact Project) » ដែលមានទឹកប្រាក់សរុបចំនួន១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក និង សិស្សានុសិស្សចំនួន៣៣៥នាក់ ស្រី១៥៥នាក់ នឹងទទួលផលពីគម្រោងនេះ។ អគារសិក្សា២ខ្នងនេះ ចាប់ផ្តើមសាងសង់ចាប់ពីថ្ងៃទី ០៣ ខែ សីហា ឆ្នាំ២០១៩ និងរួចរាល់ នៅថ្ងៃ ទី១៥ ខែ មីនា ឆ្នាំ២០២០។
បន្ទាប់មកលោកជំទាវក៏បានដឹកនាំគណៈប្រតិភូមន្ត្រីស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា រួមទាំងអមដំណើរដោយលោកជំទាវ ឯកឧត្តម និងមន្ត្រីក្រសួងកិច្ចការនារី រួមទាំងលោកអភិបាលខណ្ឌកំបូលនិងសហការី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចុះពិនិត្យទីតាំងសាងសង់អគារសិក្សាចំនួន២ខ្នង ដែលមាន៦បន្ទប់ ជាអំណោយរបស់រដ្ឋាភិបាលឥណ្ឌា ក្រោម «គម្រោងឆាប់ទទួលបានផល (Quick Impact Project) » ដែលគ្រោងនឹងចំណាយថវិកាអស់ចំនួន១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក និងផ្តល់អត្ថប្រយោជន៍ដល់សិស្សានុសិស្សចំនួន១៣៨៥នាក់ ស្រី៦៤៥នាក់ នៅសាលាបឋមសិក្សាកំបូល ស្ថិតនៅភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញផងដែរ ។