រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លើកទឹកចិត្តឲ្យបង្កើនសហគ្រិនជាស្ត្រីបន្ថែមទៀត ជាពិសេសនៅកម្រិតនាយិកាប្រតិបត្តិ និងនាយិកាក្រុមហ៊ុន

22
រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លើកទឹកចិត្តឲ្យបង្កើនសហគ្រិនជាស្ត្រីបន្ថែមទៀត ជាពិសេសនៅកម្រិតនាយិកាប្រតិបត្តិ និងនាយិកាក្រុមហ៊ុន
ភ្នំពេញ ៖ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានជំរុញ និងលើកទឹកចិត្ត ឲ្យមានការបង្កើនសហគ្រិនជាស្ត្រីគំរូបន្ថែមទៀត ជាពិសេសកម្រិតនាយិកាប្រតបត្តិ និងនាយិកាក្រុមហ៊ុនជាដើម ដែលជាគំរូមួយ បង្ហាញដល់ស្ត្រីផ្សេងទៀតថា ស្ត្រីអាចធ្វើកិច្ចការធំៗបានជាច្រើន ជាពិសេសគឺការអាចបង្កើតបាន នូវអាជីវកម្មផ្ទាល់ខ្លួន។
នេះបើតាមប្រសាសន៍លោកជំទាវ គង់ សូរីតា អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី បានប្រាប់ CNC បន្ទាប់ពីលោកជំទាវរដ្ឋមន្ត្រី បានអនុញ្ញាតឲ្យ លោកស្រី ចាន់ ភារី នាយិកាក្រុមហ៊ុន គីណូ ឃ៊ែរ ខនស៊ូមមឺ (ខេមបូឌៀ) ចូលជួបសម្តែងការគួរសម និងប្រគល់ជូននូវផលិតផលថែរក្សាសុខភាព ជូនដល់ក្រសួងកិច្ចការនារី ដើម្បីចូលរួមចំណែកក្នុងការថែទាំសុខភាព និងអនាម័យ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅទីស្តីការក្រសួង។
ក្នុងជំនួបនេះ លោកស្រី ចាន់ ភារី បានជម្រាបជូនលោកជំទាវរដ្ឋមន្ត្រី ពីសកម្មភាពនានារបស់ក្រុមហ៊ុន ដែលមិនត្រឹមតែធ្វើអាជីវកម្មប៉ុណ្ណោះទេ ថែមទាំងការចូលរួម ជួយក្នុងសកម្មភាពសង្គមផងដែរ ដូចជាការចូលរួមចំណែក លើកកម្ពស់វិស័យអប់រំនៅកម្ពុជា ដែលកន្លងមកក្រុមហ៊ុនបានចែករំលែក នូវបទពិសោធន៍ ស្តីពីការត្រៀមខ្លួនរបស់សិស្ស ដែលចង់បន្តការសិក្សានៅទីក្រុងជាដើម។
ក្រៅពីការពិភាក្សាគ្នា ទៅលើភាពជាសហគ្រិនជាស្ត្រី ដែលតាមគោលនយោបាយ របស់ក្រសួងកិច្ចការនារី កំពុងជំរុញឲ្យភាពជាសហគ្រិនស្ត្រី មានការកើនឡើងនោះ, ក្នុងជំនួបនេះ លោកជំទាវរដ្ឋមន្ត្រី និងលោកស្រីនាយិកាក្រុមហ៊ុន ក៏បានពិភាក្សាគ្នា ផ្តោតសំខាន់ទៅលើកិច្ចការមនុស្សធម៌ ដោយក្រុមហ៊ុនបានចូលរួមច្រើន ក្នុងការជួយដល់សង្គមផងដែរ។ ចំណុចនេះ លោកជំទាវរដ្ឋមន្ត្រី បានគាំទ្រចំពោះសកម្មភាព របស់ក្រុមហ៊ុន និងលើកទឹកចិត្តឲ្យក្រុមហ៊ុនដទៃទៀត ចូលរួមចំណែកធ្វើសកម្មភាពជួយដល់សង្គម ក្រៅពីការធ្វើអាជីវកម្មរកប្រាក់ចំណេញ៕