ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និង លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអញ្ជើញចូលរួមក្នុងកម្មវិធីបិទ វេទិកាអាស៊ី-អុឺរ៉ុបស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ នៅថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ដោយមានការចូលរួមពីតំណាងប្រទេស៥៣ (៣០ប្រទេសមកពីទ្វីបអ៊ឺរ៉ុប ២១ប្រទេស មកពីទ្វីបអាសុី សហភាពអុឺរ៉ុប និងលេខាធិការដ្ឋានអាស៊ាន) នៅរាជធានីភ្នំពេញ តាមរយៈប្រព័ន្ធវីដេអូ Conference។
រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុក “ស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ” និងបានដាក់ចេញនូវគោលនយោបាយ ផែនការសកម្មភាពជាតិ កម្មវិធីជាតិអន្តរវិស័យ សំដៅលើកកម្ពស់សមភាពយេនឌ័រ ពង្រឹងភាពអង់អាចដល់ស្រ្តី។ ស្រ្តីកម្ពុជា តែងទទួលបាន កាលានុវត្តភាពចូលរួមក្នុងគ្រប់កិច្ចការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិ ទាំងផ្នែកវិស័យសាធារណៈ សន្តិសុខ នយោបាយ ការទូត ឯកជន អង្គការជាតិ-អន្តរជាតិ និងត្រូវបានលើកទឹកចិត្តឱ្យចាប់យកតួនាទីសំខាន់ៗ ដោយស្មើភាព និងគ្មានការរើសអើង។
កម្ពុជាស្នើសុំឱ្យប្រទេសចូលរួមទាំងអស់ ប្រែក្លាយ លទ្ធផលនៃវេទិការបស់យើងនាពេលនេះ ទៅជាសកម្មភាពជាក់លាក់ និងប្រាកដនិយម ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ និងមនុស្សធម៌ សំដៅរួម ចំណែកធ្វើឱ្យសហគមន៍អន្តរជាតិឆាប់សម្រេចបាន នូវជ័យជំនះចំពោះវិបត្តិនៃជំងឺកូវីដ-១៩ និងការជំរុញសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាបន្ន និងវិបុលភាពរួម សម្រាប់យើងទាំងអស់គ្នា។