ក្រសួងកិច្ចការនារី បានរៀបចំដាក់សម្ភោធជាផ្លូវការនូវ«កម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំរបស់យុវជនដើម្បីសមភាពយេនឌ័រ រដូវកាលទី២» តាមរយៈ Zoom Meeting ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងមានការចូលរួមពីតំណាងអង្គការដៃគូអភិវឌ្ឍន៍

17
នាព្រឹកថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ក្រសួងកិច្ចការនារី បានរៀបចំដាក់សម្ភោធជាផ្លូវការនូវ«កម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំរបស់យុវជនដើម្បីសមភាពយេនឌ័រ រដូវកាលទី២» តាមរយៈ Zoom Meeting ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងមានការចូលរួមពីតំណាងអង្គការដៃគូអភិវឌ្ឍន៍ដែលរួមមាន៖ លោក ដានីញែល អាលេមូ (Daniel Alemu) តំណាងស្តីទីប្រចាំប្រទេសកម្ពុជា, មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA), លោកស្រី ហ៊ូ កល្យាណ នាយកប្រចាំប្រទេស នៃអង្គការ Recoftc Cambodia, តំណាង UNDP រួមទាំងការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារីទាំង២៥ ខេត្ត/រាជធានី តំណាងដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន ព្រមទាំងសាស្ត្រាចារ្យ និងនិស្សិតមកពីសកលវិទ្យាល័យនានានៅរាជធានីភ្នំពេញ សរុបប្រមាណជិត ៣០០នាក់។ កម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំរបស់យុវជនដើម្បីសមភាពយេនឌ័រ រដូវកាលទី២នេះមានគោលបំណង៖
– បង្កើនចំណេះដឹង និងសមត្ថភាព លើភាពជាអ្នកដឹកនាំផ្ទាល់ខ្លួន ការផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងសមភាពយេនឌ័រ ។
– ពង្រឹងភាពជាអ្នកដឹកនាំ និងជំនាញទន់ ពីការអភិវឌ្ឍន៍ផ្ទាល់ខ្លួន ដើម្បីក្លាយជាអ្នកដឹកនាំ និងភ្នាក់ងារសកម្ម សម្រាប់លើកកម្ពស់ សមភាពយេនឌ័រ។
– ផ្តល់ឱកាសដល់យុវជនដើម្បីអភិវឌ្ឍភាពជាអ្នកដឹកនាំ និងទេពកោសល្យផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីធ្វើឱ្យមានផលវិជ្ជមានសម្រាប់សង្គម និងអនាគតនៃការអភិវឌ្ឍប្រកបដោយបរិយាបន្ន។
ក្នុងនោះយុវជនដែលក្លាយទៅជាសមាជិក និងមានឱកាសទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖ ទទួលបានការហ្វឹកហ្វឺនជំនាញទន់ ការចូលរួមវគ្គបណ្តុះបណ្តាលចំនួន៣ ស៊េរី ទស្សនកិច្ចសិក្សា ការចុះហាត់ការ និងការចូលរួមកម្មវិធីសាធារណៈមួយចំនួនទៀត។