កិច្ចប្រជុំប្រចាំត្រីមាស លើកទី៧ ជាមួយអង្គការដៃគូអនុវត្តផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ

16

ថ្ងៃចន្ទ ៨រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃ២ ខែសីហា ឆ្នាំ២០២១ ក្រសួងកិច្ចការនារី ក្រោមជំនួយពីរដ្ឋាភិបាលអូស្តា្រលីតាមរយៈកម្មវិធី ACCESS បានរៀបចំកិច្ចប្រជុំប្រចាំត្រីមាស លើកទី៧ ជាមួយអង្គការដៃគូអនុវត្តផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ តាមរយៈអនឡាញ(Zoom) ។ កិច្ចប្រជុំ ដឹកនាំ និងសម្របសម្រួលដោយលោកជំទាវ ញាណ សុចិត្រា អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម ក្រសួងកិច្ចការនារី និងមានការចូលរួមពីតំណាងក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមន្ទីរកិច្ចការនារីចំនួន ៣ខេត្ត និងអង្គការដៃគូអនុវត្តការងារ សរុប ៤៦នាក់ ស្រ្តីមាន៣១នាក់។

កិច្ចប្រជុំបានបង្ហាញអំពីសមិទ្ធផល និងដំណើរការរីកចម្រើន និងការប្រឈមនានានៃការអនុវត្តការងារក្នុងអំឡុងពេលរីករាលនៃជំងឺកូវីដ-១៩។ លោកជំទាវប្រធានអង្គប្រជុំបានសាទរចំពោះសមទ្ធិផល របស់ដៃគូដែលបានធ្វើឡើងតាមគន្លងថ្មី និងរួមគ្នាបន្តអនុវត្តការងារទៅមុខទៀតនៅក្នុងដំណាក់កាលទី២នៃកម្មវិធីACCESS ។