កាលពីថ្ងៃព្រហស្បតិ៍ ៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារគម្រោងបញ្ជ្រាបយេនឌ័រ ដើម្បីបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី (PGM-WEE) បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួមលើកទី៤ (JCC) តាមរយៈប្រព័ន្ធអនឡាញ (ZOOM) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងកិច្ចនារី លោកជំទាវអភិបាលរងខេត្ត លោកជំទាវប្រធានគ.ក.ស.ក លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តសៀមរាប កំពង់ធំ កំពង់ចាម កំពង់ឆ្នាំង និងខេត្តត្បូងឃ្មុំ តំណាងក្រសួង-ស្ថាប័ន/មន្ទីរពាក់ព័ន្ធ តំណាង JICA ប្រចាំប្រទេសជប៉ុន និងប្រទេសកម្ពុជា រួមទាំងអ្នកជំនាញការជប៉ុន ដែលមានសមាសភាពអ្នកចូលរួមសរុបចំនួន ៨៨នាក់។ គោលបំណងសំខាន់ៗពីរនៃកិច្ចប្រជុំ គឺ៖
១) ដើម្បីឱ្យសមាជិក JCC ទាំងអស់ ស្វែងយល់បន្ថែម អំពីវឌ្ឍនភាពនៃសកម្មភាព និងសមិទ្ធផលនានារបស់គម្រោង បន្ទាប់ពីខែធ្នូ ឆ្នាំ ២០១៩ រួមទាំងផលប៉ះពាល់នៃការរាតត្បាតនៃជំងឺកូវីដ-១៩ ទៅលើការអនុវត្តសកម្មភាពរបស់គម្រោង។
២) ដើម្បីទទួលបានការអនុម័ត យល់ព្រមពីសមាជិក JCC ទៅលើការពន្យាររយៈពេលគម្រោងដោយធ្វើការពិចារណាទៅលើស្ថានភាពនៃវិបត្តិនៃជំងឺកូវីដ-១៩ ។