ក្រសួងកិច្ចការនារី ក្នុងកិច្ចសហការជាមួយអង្គការ UNWomen, , គម្រោងកម្មវិធី ACCESS នៃជំនួយអូស្រ្តាលី និងអង្គការ UNFPA បានរៀបចំកិច្ចប្រជុំលើកទី២៤ ក្រុមការងារបច្ចេកទេសឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ (TWGG-GBV) តាមប្រព័ន្ធវីដេអូ ក្នុងគោលបំណង:
- ស្នើសុំការគាំទ្រពីសមាជិកក្រុមការងារបច្ចេកទេស(TWGG-GBV) ដើម្បីអនុម័តលើឯកសារគោលការណ៍ណែនាំស្តីពី ការកម្រិត ការប្រើប្រាស់ការសម្រុះសម្រួលឆ្លើយតបចំពោះអំពើហិង្សាលើស្ត្រី
- ធ្វើបច្ចុប្បន្នភាពផែនការប្រតិបត្តិប្រចាំឆ្នាំ២០២១(AOP) ដើម្បីអនុវត្តផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី២០១៩-២០២៣។
- ចែករំលែកគំនិតផ្តួចផ្តើមថ្មីៗពីការឆ្លើយតបសេវាអំពើហិង្សាទាក់ទងនឹងយេនឌ័រក្នុងបរិបទកូវីត-១៩ ។
កិច្ចប្រជុំនេះ មានសមាសភាពចូលរួមរបស់ក្រុមការងារ (TWGG-GBV) សរុប ៩៨ នាក់ ដែលអញ្ជើញមកពីក្រសួងស្ថាប័នពាក់ព័ន្ធចំនួន១៧ក្រសួង អង្គការសង្គមស៊ីវិល ចំនួន ២២ និងអង្គការដៃគូអភិវឌ្ឍន៍ មានចំនួន ០៣។
ជាលទ្ធផលកិច្ចប្រជុំបានគាំទ្រលើឯកសារគោលការណ៍ណែនាំស្តីពី ការកម្រិត ការប្រើប្រាស់ការសម្រុះសម្រួលឆ្លើយតបចំពោះអំពើហិង្សាលើស្ត្រី ដែលគោលការណ៍នេះអភិវឌ្ឍន៍ឡើង ដើម្បីប្រើប្រាស់ធ្វើជាធនធានបន្ថែមទៅលើឯកសារសម្រុះសម្រួលនានាដែលមានស្រាប់ ហើយផ្តោតសំខាន់ទៅលើ ថាតើការសម្រុះសម្រួលជាការឆ្លើយតបនឹងអំពើហិង្សាលើស្រ្តី អាចកម្រិតឱ្យប្រើប្រាស់បាននៅពេលណានិងដោយរបៀបណា ដើម្បីធានានូវគោលការណ៍នីត្យានុកូលភាព និងភាពសមស្របដែលការពារសិទ្ធិ និងសុវត្ថិភាពរបស់ស្ត្រីរងគ្រោះជាចម្បង។
ឯកសារគោលការណ៍ណែនាំស្តីពី ការកម្រិត ការប្រើប្រាស់ការសម្រុះសម្រួលឆ្លើយតបចំពោះអំពើហិង្សាលើស្ត្រី បានដាក់ឆ្លងកិច្ចប្រជុំថ្នាក់បច្ចេកទេសចំនួន៤លើក ក្រោមការដឹកនាំសម្របសម្រួលដោយក្រសួងកិច្ចការនារីចូលរួមពិភាក្សាផ្តល់ធាតុចូលដោយ តំណាងក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងអង្គការដៃគូពាក់ព័ន្ធរួមមាន UNWomen អង្គការនារីដើម្បីសន្តិភាព, គម្រោងកម្មវិធី ACCESS នៃជំនួយអូស្រ្តាលី អង្គការជំនួយផ្នែកច្បាប់នៅកម្ពុជា អង្គការ CARE និង អង្គរការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ (CWCC )៕