ក្រសួងកិច្ចការនារី គឺជាយន្តការជាតិមួយសម្រាប់លើកកម្ពស់ស្ថានភាពស្ត្រីនៅក្នុងប្រទេស កម្ពុជា។ ក្រសួងកិច្ចការនារី ត្រូវបានបង្កើតឡើងដើម្បីធ្វើការដឹកនាំ សម្របសម្រួល និងជម្រុញកិច្ចខិតខំប្រឹងប្រែងទាំងឡាយដើម្បីសមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី នៅក្នុងប្រទេសកម្ពុជា។ ក្រសួងកិច្ចការនារី ដើរតួនាទីជាអ្នកជំរុញ (កាតាលីករ) ស្វែងរកការគាំទ្រមតិ ដើម្បីលើកទឹកចិត្តក្រសួង ស្ថាប័នរដ្ឋ សង្គមស៊ីវិល ព្រមទាំង វិស័យឯកជនក្នុងការបញ្ចូល សមភាពយេនឌ័រទៅក្នុងគោលនយោបាយ និងកម្មវិធីនានារបស់ខ្លួន។ ក្រសួងកិច្ចការនារី ក៏ទទួលខុសត្រូវក្នុងការត្រួតពិនិត្យ តាមដាន និងវាយតម្លៃ អំពីប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយ និងកម្មវិធីនានារបស់រដ្ឋាភិបាល សំដៅធ្វើឱ្យសម្រេចបាននូវសមភាពយេនឌ័រ។
ក្រសួងកិច្ចការនារី មានប្រភពចេញមកពី លេខាធិការដ្ឋានកិច្ចការនារីដែលបានបង្កើតនៅ ក្នុងឆ្នាំ ១៩៩៣។ លេខាធិការដ្ឋាននេះ ត្រូវបានជំនួសដោយក្រសួងកិច្ចការនារីនៅក្នុងខែមករា ឆ្នាំ ១៩៩៦ នឹងបន្ទាប់មកទៀតមានឈ្មោះថា ក្រសួងកិច្ចការនារី និងអតីតយុទ្ធជនពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០០៤។ នៅពេលដែលរដ្ឋាភិបាលថ្មីត្រូវបានបង្កើតនៅក្នុងខែកក្កដា ឆ្នាំ ២០០៤ ក្រសួងនេះ ត្រូវបានប្តូរឈ្មោះមកជា ក្រសួងកិច្ចការនារី វិញ។
ក្នុងខែកុម្ភៈ ឆ្នាំ ១៩៩៩ ក្រសួងកិច្ចការនារី និងអតីតយុទ្ធជនបានបោះពុម្ភផ្សាយជាលើកដំបូង នូវផែនការយុទ្ធសាស្ត្រជាតិរយៈពេល ៥ឆ្នាំស្តីពីសមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី (ផែនការនារីរតនៈ ទី១) ។ បច្ចុប្បន្ន ក្រសួងកិច្ចការនារីកំពុងធ្វើការដឹកនាំសម្របសម្រួលឱ្យមាន ការអនុវត្តផែនការនារីរតនៈ ទី៤ ដែលជាផែនការយុទ្ធសាស្ត្រជាតិរយៈពេល ៥ឆ្នាំ លើកទី ៤ ស្តីពីសមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី (២០១៤-២០១៨)៕