ក្រសួងកិច្ចការនារី ចង់ឃើញសង្គមមួយដែលស្ត្រី និងបុរសមានសិទ្ធិស្មើគ្នា ហើយស្ត្រីចូលរួមពេញលេញនៅក្នុងជីវិតសង្គម ដោយមិនប្រឈមនឹងការរើសអើសទាំងនៅក្នុងទីសាធារណៈ និងទាំងនៅក្នុងគ្រួសារ។
ក្រសួងកិច្ចការនារី ចាត់ទុកស្ត្រីគឺជាភ្នាក់ងារកែទម្រង់ និងផ្លាស់ប្តូរសង្គមយ៉ាងសកម្ម និងប្រកបដោយភាពស្វាហាប់ ។ ដូច្នេះ ក្រសួងខិតខំប្រឹងប្រែងបង្កើនភាពអង់អាចដល់ស្ត្រី និងទទួលស្គាល់នូវការរួមចំណែកដ៏ធំគ្រប់បែបយ៉ាងរបស់ពួកគេនៅក្នុងសង្គម។
ក្រសួងកិច្ចការនារី មានបេសកកម្មកាត់បន្ថយគម្លាតយេនឌ័រ និងលើកកម្ពស់ស្រ្តីទាំងអស់ក្នុង ការទទួល និងប្រើប្រាស់ធនធានប្រកបដោយផលិតភាព។ ក្រសួង ធ្វើការដើម្បីឈានទៅសម្រេចបាននូវសមភាពយេនឌ័រ ការបង្កើនភាពអង់អាចដល់ស្ត្រី និងការយល់ដឹងអំពីសិទ្ធិស្រ្តី តាមរយៈ ៖
- ការបញ្ជ្រាបយេនឌ័រទៅក្នុងច្បាប់ កំណែទម្រង់របស់រាជរដ្ឋាភិបាល និងទៅក្នុងគោលនយោបាយជាតិ និងគោលនយោបាយតាមវិស័យ។
- ការសម្របសម្រួល និងពិនិត្យតាមដានការអនុវត្តកម្មវិធី និងគោលនយោបាយជាក់លាក់ ដើម្បីសមភាពយេនឌ័រ។
- ការអនុវត្តវិធានការនានាដើម្បីលុបបំបាត់នូវឧបសគ្គ ការរើសអើង និងផ្នត់គំនិតអវិជ្ជមានអំពី យេនឌ័រ ដែលរារាំងដល់ការចូលរួមដ៏ពេញលេញរបស់ស្ត្រីនៅក្នុងជីវិតសាធារណៈ។
- ការផ្តួចផ្តើមគំនិតនានាដើម្បីលើកទឹកចិត្តបុរស និងកុមារាឱ្យគាំទ្រសមភាពយេនឌ័រ និងចូល រួមធ្វើកិច្ចការផ្ទះ មើលថែទាំកូនៗ និងអ្នករស់នៅក្នុងបន្ទុក។
- ការកំណត់នូវតម្រូវការរបស់ស្ត្រី និងកុមារីដែលងាយរងគ្រោះបំផុត។
ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ ចាំបាច់ណាស់ក្នុងការប្រមូលផ្តុំសង្គម ទាំងមូលឱ្យសហការគ្នាជាមួយអ្នកពាក់ព័ន្ធផ្សេងៗ រួមមាន អន្តរក្រសួង អង្គការសង្គមស៊ីវិល រួមទាំងអង្គការធ្វើការងារលើបញ្ហាស្ត្រី វិស័យឯកជន សាកលវិទ្យាល័យ មជ្ឈមណ្ឌលស្រាវជ្រាវ ដៃគូ អភិវឌ្ឍន៍ និងបុគ្គលខ្លួនឯងផ្ទាល់ ៕