[tdc_zone type=”tdc_content”][vc_row][vc_column width=”2/3″][vc_column_text]
ជីវប្រវត្តិសង្ខេបរបស់លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី
រដ្ឋមន្ត្រី ក្រសួងកិច្ចការនារីនៃព្រះជាណាចក្រកម្ពុជា
លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី បានបម្រើការងារជារដ្ឋមន្ត្រីនៃក្រសួងកិច្ចការនារីចាប់តាំងពីឆ្នាំ ២០០៤ ដោយការតែងតាំងលោកជំទាវចុងក្រោយនៅក្នុងខែកញ្ញា ឆ្នាំ ២០២២ ។ ចាប់តាំងពីឆ្នាំ ១៩៩៩ រហូតមកដល់ឆ្នាំ ២០០៤ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី បានបម្រើការងារជារដ្ឋលេខាធិការនៃក្រសួងកិច្ចការនារី និងអតីតយុទ្ធជន។
បន្ថែមពីលើមុខនាទីជារដ្ឋមន្ត្រី ចាប់តាំងពីឆ្នាំ ២០០៤ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី បានបម្រើការងារជាប្រធាននៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងជាប្រធានគណៈកម្មការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរចាប់តាំងពីឆ្នាំ ២០០៦។
លោកជំទាវកិត្តិបណ្ឌិត រដ្ឋមន្ត្រី អុឹង កន្ថាផាវី បានបំពេញតួនាទីដ៏សំខាន់ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការបញ្ជ្រាបយេនឌ័រនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថ្នាក់អន្តរជាតិ។
នៅក្នុងតំបន់ និងក្នុងពិភពលោក លោកជំទាវកិត្តិបណ្ឌិត រដ្ឋមន្ត្រី អុឹង កន្ថាផាវី បានរួមចំណែកដល់ការពន្លឿនរបៀបវារៈស្ត្រីស្តីពីសិទ្ធិនារី (a rights-based women’s agenda) ជាពិសេសនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៅអាស៊ីបូព៌ាស្តីពីសមភាពយេនឌ័រ និងវេទិកាថ្នាក់រដ្ឋមន្ត្រីនៅអាស៊ីបូព៌ាស្តីពីគ្រួសារ ព្រមទាំងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីស្ត្រី។
នៅថ្នាក់ជាតិ លោកជំទាវកិត្តិបណ្ឌិត រដ្ឋមន្ត្រី អុឹង កន្ថាផាវី គឺជានិម្មាបនិកម្នាក់ក្នុងការជម្រុញបញ្ហាយេនឌ័រនៅក្នុងគោលនយោបាយជាតិសំខាន់ៗ ដូចជា យុទ្ធសាស្ត្រជាតិស្តីពីការកាត់បន្ថយភាពក្រីក្រ គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីកំណើន ការងារ សមធម៌ និង ប្រសិទ្ធភាព ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងក្របខណ្ឌជំនួយអភិវឌ្ឍន៍សហប្រជាជាតិ។
លោកជំទាវកិត្តិបណ្ឌិត រដ្ឋមន្ត្រី អុឹង កន្ថាផាវី បានដើរតួនាទីដ៏សំខាន់នៅក្នុងការរៀបចំ និងអនុម័តនូវច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ (ឆ្នាំ ២០០៥)។ នៅក្រោមការ ដឹកនាំរបស់លោកជំទាវ ក្រសួងកិច្ចការនារី បានទទួលជោគជ័យក្នុងការបញ្ចូលនូវទិដ្ឋភាពយេនឌ័រ ទៅក្នុងច្បាប់ជាតិសំខាន់ៗ ដែលមានដូចជា ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ (ឆ្នាំ ២០០៨) ច្បាប់ស្តីពីការធ្វើវិមជ្ឈការ និងសហវិមជ្ឈការ (ឆ្នាំ ២០០៨) និង ច្បាប់ភូមិបាល (ឆ្នាំ ២០០១)។
លោកជំទាវកិត្តិបណ្ឌិត រដ្ឋមន្ត្រី អុឹង កន្ថាផាវី បានដឹកនាំក្រសួងកិច្ចការនារីធ្វើការរៀបចំ និងអនុវត្តនូវគោលនយោបាយជាតិនានា ដើម្បីលើកកម្ពស់ស្ថានភាពស្ត្រីនៅក្នុងប្រទេសកម្ពុជា ដែលមានជាអាទិ៍ ៖ ផែនការយុទ្ធសាស្ត្រ ៥ឆ្នាំលើកទី ៣ និងលើកទី ៤ ស្តីពីសមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី (ផែនការនារីរតនៈ ទី៣ និង ទី៤) ការវាយតម្លៃយេនឌ័រនៅកម្ពុជាឆ្នាំ ២០០៤, ២០០៨ និង ២០១៤ និងផែនការសកម្មភាពជាតិលើកទី ១ និងលើកទី ២ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី (ឆ្នាំ ២០០៩-២០១៣ និង ឆ្នាំ ២០១៤-២០១៨)។
បច្ចុប្បន្ន លោកជំទាវកិត្តិបណ្ឌិត រដ្ឋមន្ត្រី អុឹង កន្ថាផាវី កំពុងបន្តការតស៊ូមតិដើម្បីសមភាពយេនឌ័រនៅក្នុង កំណែទម្រង់រដ្ឋនានា ព្រមទាំងកំពុងចូលរួមយ៉ាងសស្រាក់សស្រាំនៅក្នុងការបង្កើនភាពអង់អាចផ្នែក សេដ្ឋកិច្ចដល់ស្ត្រី តួនាទីស្ត្រីនៅក្នុងការធ្វើសេចក្តីសម្រេច និងនយោបាយ និងការបញ្ឈប់អំពើហិង្សា លើស្ត្រី និងកុមារ។
នៅក្នុងទស្សវត្សរ៍ឆ្នាំ ១៩៩០ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី បានធ្វើការលើកទី ១ នៅក្នុងប្រទេសបារាំង ជាវេជ្ជបណ្ឌិតឯកជនម្នាក់ ហើយក្រោយមក លោកជំទាវបានធ្វើការងារជាប្រធានផ្នែក ពិសោធន៍ថ្នាំពេទ្យនៅ ABR ដែលជាក្រុមហ៊ុនបារាំងមួយដែលធ្វើការងារផ្សព្វផ្សាយ និងសិក្សាស្រាវជ្រាវអំពីថ្នាំពេទ្យ។ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី ក៏បានបម្រើការងារជាអគ្គលេខាធិការរង នៃសមាគមគ្រូពេទ្យខ្មែរ Association des MedecinsCambodgiens (AMC) ដែលជាសមាគមអង្គការមិនមែនរដ្ឋាភិបាលផ្តល់ជំនួយវេជ្ជសាស្ត្រ និងសង្គមដល់ប្រទេសកម្ពុជា។ ចាប់តាំងពីឆ្នាំ ១៩៩៥ រហូតមកដល់ឆ្នាំ ១៩៩៧ លោកជំទាវកិត្តិបណ្ឌិត រដ្ឋមន្ត្រី អុឹង កន្ថាផាវី បានធ្វើការនៅក្នុងប្រទេសកម្ពុជា ជាទីប្រឹក្សាបច្ចេកទេសនៅក្រសួង អភិវឌ្ឍន៍ជនបទ ជាកន្លែងដែលលោកជំទាវទទួលបន្ទុកកម្មវិធីសុខភាពសហគមន៍ និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៅជនបទ រួមទាំងមីក្រូឥណទានផងដែរ។
លោកជំទាវកិត្តិបណ្ឌិត រដ្ឋមន្ត្រី អុឹង កន្ថាផាវី ទទួលសញ្ញាប័ត្រ Doctor of Medicine (M.D.) ពីសាកលវិទ្យាល័យ Saint Antoine សាកលវិទ្យាល័យ Paris VI ដែលមានជំនាញផ្នែកអាហាររូបត្ថម្ភ និង ជម្ងឺត្រូពិក រួមទាំងសញ្ញាបត្រផ្នែករដ្ឋបាលសាធារណៈពីសាលា EcoleNationaled’Administration នៅក្នុងទីក្រុង Paris (ENA)។ លោកជំទាវបានចូលរួមនៅក្នុងកម្មវិធីធំៗជាច្រើនមានដូចជា កម្មវិធីស្តីពី “អ្នកដឹកនាំនៅក្នុងកិច្ចអភិវឌ្ឍ៖ ការគ្រប់គ្រងកំណែទម្រង់នយោបាយ និងសេដ្ឋកិច្ច” នៅឯសាលា John F. Kennedy នៃសាកលវិទ្យាល័យ Harvard នៅសហរដ្ឋអាមេរិក (ក្នុងឆ្នាំ ២០០៤)។ ក្នុងឆ្នាំ ២០១៤ លោកជំទាវកិត្តិបណ្ឌិត រដ្ឋមន្ត្រី អុឹង កន្ថាផាវី គឺជាស្ត្រីមេដឹកនាំម្នាក់ក្នុងចំណោមស្ត្រីមេដឹកនាំ ៩នាក់ដែលបានទទួលពានរង្វាន់ “ស្ត្រីឆ្នើមបំផុត” ពីវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក។
លោកជំទាវកិត្តិបណ្ឌិត រដ្ឋមន្ត្រី អុឹង កន្ថាផាវី បានរៀបការ និងមានកូនស្រីម្នាក់៕[/vc_column_text][/vc_column][vc_column width=”1/3″][vc_single_image image=”76″ img_size=”full” style=”vc_box_border” height=”500″][/vc_column][/vc_row][/tdc_zone]